លោក គីម ជុងអ៊ុន ដឹកនាំការសាកល្បងមីស៊ីលប្រឆាំងដែនអាកាសថ្មីនៅសមុទ្រខាងកើត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលប្រឆាំងដែនអាកាសរយៈចម្ងាយឆ្ងាយថ្មីដែលកំពុងអភិវឌ្ឍនៅសមុទ្រខាងកើត ដោយបានបាញ់ចំគោលដៅសាកល្បងបានយ៉ាងត្រឹមត្រូវ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា ការបាញ់សាកល្បងមីស៊ីលប្រឆាំងដែនអាកាសរយៈចម្ងាយឆ្ងាយប្រភេទថ្មីត្រូវបានធ្វើឡើងដោយទីភ្នាក់ងារមីស៊ីលកាលពីថ្ងៃមុន ដើម្បីវាយតម្លៃពីលក្ខណៈពិសេសនៃយុទ្ធសាស្ត្រ និងបច្ចេកទេសរបស់វាជាលើកដំបូង។
ទីភ្នាក់ងារ KCNA បាននិយាយថា «មីស៊ីលដែលបាញ់បង្ហោះបានបាញ់ចំគោលដៅសាកល្បងបានយ៉ាងត្រឹមត្រូវនៅរយៈកម្ពស់ ២០០គីឡូម៉ែត្រ» ដោយបានហៅការបាញ់សាកល្បងនេះថា «ជាផ្នែកមួយនៃសកម្មភាពធម្មតា» របស់ទីភ្នាក់ងារមីស៊ីល និងវិទ្យាស្ថានស្រាវជ្រាវអាវុធផ្សេងទៀត ដែលមានគោលបំណងបង្កើនប្រសិទ្ធភាពបច្ចេកទេស។
ទីភ្នាក់ងារបាននិយាយថា «លោក គីម ជុងអ៊ុន បានអបអរសាទរចំពោះការបាញ់សាកល្បងដោយជោគជ័យ»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





