មូលនិធិប្រដាល់សកល និងការលក់អាវបានជាង ១០លានរៀល សម្រាប់ជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥--បន្ទាប់ពីមានការកៀរគរថវិកាពីសប្បុរសជនសម្រាប់មូលនិធិប្រដាល់សកល បូកជាមួយនឹងការលក់អាវប្រដាល់សកល និងការកៀរគរបន្ថែម ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់សកល ជើងឯកថ្នាក់ជាតិ ពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២៥ មូលនិធិនេះទទួលបានជាង ១០លានរៀលហើយ ក្នុងស្មារតីជាតិនិយមជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ ដែលឈ្លានពានដោយយោធាថៃមកដល់អធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ប្រធានសហព័ន្ធរូបនេះបន្ថែមថា សម្រាប់មូលនិធិប្រដាល់សកលនេះ ដើម្បីរៀបចំជួយដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ។ ការលក់អាវនេះមានចំនួន ២០០អាវ ហើយក្នុង១អាវតម្លៃ ៥ដុល្លារ ហើយឯកឧត្តមប្រធានសហព័ន្ធសង្ឃឹមថានឹងលក់អស់នៅថ្ងៃទី២៦ ខែធ្នូ ជាមួយកម្មវិធីបិទការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា គិតមកដល់ពេលនេះ ថវិកាមូលនិធីប្រដាល់សកល បូកនឹងការលក់អាវប្រដាល់សកល និងការកៀរគរបន្ថែម ក្នុងឱកាសរៀបចំការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិទទួលបានជាង ១០លានរៀលហើយ។

ចំពោះការរៀបចំការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបជាង ១៤០នាក់ ដោយសហព័ន្ធបានរៀបចំលើ៤វិញ្ញាសាធំៗស្មើនឹង១៣ប្រភេទទម្ងន់ផ្សេងៗគ្នា។ ឯកឧត្តមគូសបញ្ជាក់ថា សម្រាប់៥-៦ខេត្ត ដែលជាប់ព្រំដែនថៃបានអាក់ខាន ក្នុងការចូលរួមប្រកួត ដោយសារតែបានភៀសសឹក ដោយចំនួនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសុរបបានត្រឹម ១៤២នាក់ប៉ុណ្ណោះ។ ប៉ុន្តែបើមិនគ្មានការឈ្លានពានរបស់យោធាថៃនោះទេ ប្រធានសហព័ន្ធជឿជាក់ថា ការចូលរួមប្រកួតទូទាំងប្រទេសនឹងអាចកើនឡើងដល់ជាង ២០០នាក់ឯណោះ៕

ដោយ ហេង ណាលីន





