លោក ដូណាល់ ត្រាំ និយាយថា កិច្ចពិភាក្សាជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះកំពុងដំណើរការទៅដោយរលូន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា កិច្ចចរចាដែលពាក់ព័ន្ធនឹងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះ កំពុងដំណើរការទៅដោយរលូន។
លោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋផ្លរីដាថា «កិច្ចចរចា ស្តីពីបញ្ហាអ៊ុយក្រែន និងរុស្ស៊ី កំពុងដំណើរការទៅដោយរលូន។ យើងកំពុងពិភាក្សាគ្នា។ កិច្ចចរចាកំពុងដំណើរការទៅដោយរលូន»។
នេះជារបៀបដែលលោកបានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតម្នាក់ ដើម្បីធ្វើអត្ថាធិប្បាយទៅលើវឌ្ឍនភាពនៃកិច្ចពិគ្រោះយោបល់ ដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យសប្តាហ៍មុន នៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា លោក គីរីល ឌីមីទ្រីវ(Kirill Dmitriev) បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី បានជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ(Steven Witkoff) និងកូនប្រសាររបស់លោក ត្រាំ គឺសហគ្រិន ចារ៉េដ គូស្ន័រ(Jared Kushner)។
មេដឹកនាំអាម៉េរិករូបនេះបានបន្ថែមដោយសំដៅទៅលើការបញ្ចប់ជម្លោះថា «ខ្ញុំសង្ឃឹមថាយើងអាចធ្វើវាបាន»។
លោក ត្រាំ បាននិយាយអំពីជម្លោះថា «ខ្ញុំគិតថាពួកគេទាំងអស់គ្នាធុញទ្រាន់នឹងសង្គ្រាមនោះ។ មនុស្សគ្រប់គ្នាធុញទ្រាន់នឹងសង្គ្រាម។ វាត្រូវតែបញ្ឈប់»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





