លោក ពូទីន៖ ទំនាក់ទំនងរុស្ស៊ី និងអាមេនី កំពុងអភិវឌ្ឍន៍យ៉ាងល្អ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន (Vladimir Putin) បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) ថាទំនាក់ទំនងរុស្ស៊ី-អាមេនី កំពុងអភិវឌ្ឍន៍ ហើយប្រទេសទាំងពីរមានផែនការល្អ។
លោកបានកត់សម្គាល់ថា «ចំពោះទំនាក់ទំនងទ្វេភាគី គឺកំពុងមានការអភិវឌ្ឍល្អ» និងបានថ្លែងអំណរគុណដល់លោក ប៉ាស៊ីនយ៉ាន សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី(EAEU) និង Commonwealth of Independent States (CIS)។ លោកបានកត់សម្គាល់ថា «យើងបានផ្លាស់ប្តូរការវាយតម្លៃទៅលើលទ្ធផលនៃការងាររបស់យើង។ ជារួម តាមគំនិតរបស់ខ្ញុំ អ្វីៗដំណើរការទៅយ៉ាងល្អ។ ខ្ញុំសង្ឃឹមថានឹងមានបរិយាកាសល្អ»។
លោកបាននិយាយថា រឿងសំខាន់បំផុត គឺក្រុមការងារបានខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយ បានរៀបចំឯកសារល្អៗ អ្វីៗត្រូវបានចុះហត្ថលេខា ហើយអ្វីៗកំពុងដំណើរការទៅមុខ។
មេដឹកនាំរុស្ស៊ីបានបន្ថែមថា «យើងក៏មានផែនការល្អដែរ។ យើងបានពិភាក្សាអំពីវិស័យថាមពលរួចហើយ រួមទាំងថាមពលនុយក្លេអ៊ែរផងដែរ»។
លោក ពូទីន បានកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំមុនរបស់ពួកគេនាយករដ្ឋមន្ត្រីអាមេនី បានលើកឡើងពីបញ្ហានៃវិស័យសហប្រតិបត្តិការដែលអាចកើតមានក្នុងវិស័យភស្តុភារ។ លោកបាននិយាយថា «នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់យើង អ្នកបានលើកឡើងនូវសំណួរទាក់ទងនឹងវិស័យផ្សេងៗដែលយើងអាចធ្វើការជាមួយគ្នាបាន ដោយមានគោលបំណងស្តារផ្លូវចាស់ៗឡើងវិញ និងបង្កើតផ្លូវថ្មីដែលបើកព្រំដែនរបស់ប្រទេសអាមេនី»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





