រដ្ឋមន្ត្រីការបរទេស និងការពារជាតិស៊ីរី នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូដើម្បីចូលរួមកិច្ចពិភាក្សា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរី បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលអន្តរកាលស៊ីរីលោក អាសាដ អាល់-ស្សៃបានី (Asaad al-Shaibani) និងរដ្ឋមន្ត្រីការពារជាតិ លោក ម័រហាហ្វ អាប៊ូ កាស្រា (Murhaf Abu Qasra) នឹងទៅដល់ទីក្រុងម៉ូស្គូសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ។
យោងតាមការរាយការណ៍នោះ បានឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីរមានគម្រោងចូលរួមកិច្ចពិភាក្សាជាមួយមន្ត្រីរុស្ស៊ី។ គណៈប្រតិភូស៊ីរីក៏នឹងរួមបញ្ចូលនូវតំណាងនៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងដោយគណៈប្រតិភូនៃអាជ្ញាធរស៊ីរីថ្មីទៅកាន់ប្រទេសរុស្ស៊ីបានធ្វើឡើងកាលពីចុងខែកក្កដាកន្លងទៅ។លោក អាល់-ស្សៃបានី បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) និងរដ្ឋមន្ត្រីការពារជាតិ លោកអេនដ្រេយ បេលូសូវ (Andrey Belousov)។ បន្ទាប់ពីកិច្ចពិភាក្សាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទទួលគណៈប្រតិភូស៊ីរីនៅឯវិមានក្រឹមឡាំង។
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មេដឹកនាំបណ្តោះអាសន្នស៊ីរីលោក អាម៉េដ អាល់-ស្សារ៉ា (Ahmed al-Sharaa) បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសរុស្ស៊ី។ ក្នុងអំឡុងពេលជួបជាមួយលោក ពូទីន លោកបានបង្ហាញពីចេតនារបស់លោកក្នុងការបន្តទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





