ហ្វីលីពីនពង្រីកការហាមឃាត់ការនាំចូលស្ករ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបន្តការហាមឃាត់ការនាំចូលស្កររហូតដល់ចុងខែធ្នូ ឆ្នាំ២០២៦ ដោយសារការផ្គត់ផ្គង់ក្នុងស្រុកមានភាពប្រសើរឡើង។ វិធានការនេះមានគោលបំណងបន្តការពារកសិករ និងអ្នកផលិតក្នុងស្រុក ក៏ដូចជាធ្វើឱ្យទីផ្សារមានស្ថិរភាព។
កាសែត Philippine Daily Inquirer បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ទុយ ឡរែល (Francisco Tiu Laurel) ដែលបាននិយាយថា សេចក្តីសម្រេចនេះ គឺផ្អែកទៅលើទស្សនវិស័យបច្ចុប្បន្នសម្រាប់ការផលិត និងតម្រូវការស្ករក្នុងស្រុក។
ការបន្តការហាមឃាត់នេះ គឺជាការចាំបាច់ ដោយសារទិន្នផលស្ករឆៅក្នុងស្រុកសម្រាប់ឆ្នាំ២០២៤-២០២៥ ត្រូវបានគេរំពឹងថានឹងមានការកើនឡើងដោយផ្អែកលើទិន្នន័យស្តុកជាក់ស្តែង។
ក្រសួងកសិកម្ម (DA) និងរដ្ឋបាលបទប្បញ្ញត្តិស្ករ (SRA) ក៏កំពុងរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិដែលត្រូវបានពន្យារពេលយូរ ដែលគ្រប់គ្រងការនាំចូលស្ករអំពៅ ដែលជាវិធានការមួយដែលលោក ទុយ ឡរែល បាននិយាយថា វានឹងជួយការពារអ្នកផលិតក្នុងស្រុកបន្ថែមទៀត។
នៅពេលមុននេះ ប្រទេសហ្វីលីពីនបានដាក់ការហាមឃាត់ការនាំចូលស្ករចាប់ពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៥ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





