សិង្ហបុរីរឹតបន្តឹងសន្តិសុខមុនថ្ងៃបុណ្យណូអែល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ -- មន្រ្តីប៉ូលិសសិង្ហបុរីបានប្រកាសពីការបង្កើនវិធានការសន្តិសុខនៅតាមបណ្តោយផ្លូវ Orchard ដែលជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកបំផុតរបស់ប្រទេសនេះ ខណៈដែលហ្វូងមនុស្ស និងអ្នកភ្ញៀវទេសចរជាច្រើនត្រូវបានគេរំពឹងថានឹងទៅកាន់តំបន់នោះសម្រាប់ថ្ងៃបុណ្យណូអែល។
យោងតាមសេចក្តីថ្លែងការណ៍មួយពីកម្លាំងប៉ូលិសសិង្ហបុរី បានឱ្យដឹងថា ចាប់ពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីប៉ូលិសនឹងត្រូវបានដាក់ពង្រាយកាន់តែច្រើនដើម្បីគ្រប់គ្រងហ្វូងមនុស្សនៅតាមបណ្តោយផ្លូវOrchard ដែលមានប្រវែងប្រហែល ១,២គីឡូម៉ែត្រ។ របាំងគ្រប់គ្រងហ្វូងមនុស្ស និងផ្លាកសញ្ញាទិសដៅនឹងត្រូវបានដំឡើង ខណៈដែលការល្បាតនៅក្នុងតំបន់នោះនឹងត្រូវបានបង្កើនដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ពួកគេអាចធ្វើការត្រួតពិនិត្យទៅលើកាបូប និងរបស់របរផ្ទាល់ខ្លួននៅពេលចាំបាច់ ហើយប្រជាជនសាធារណៈត្រូវបានណែនាំឱ្យសហការដើម្បីសម្រួលដល់ការត្រួតពិនិត្យទាំងនេះ។ ផ្លូវមួយចំនួននៅក្បែរនោះក៏នឹងត្រូវបានបិទទាំងស្រុងចំពោះចរាចរណ៍យានយន្តក្នុងអំឡុងពេលមមាញឹកនោះផងដែរ។
លើសពីនេះទៀត ច្រកចូល និងច្រកចេញមួយចំនួននៅស្ថានីយ៍រថភ្លើងក្រោមដី Orchard Road អាចត្រូវបានបិទជាបណ្តោះអាសន្នដើម្បីគ្រប់គ្រងលំហូរហ្វូងមនុស្ស។ អាជ្ញាធរបានណែនាំឱ្យអ្នកធ្វើដំណើរប្រើប្រាស់ស្ថានីយ៍រថភ្លើងក្រោមដីនៅស្ថានីយ៍ Somerset MRT ដែលនៅក្បែរនោះ ឬជម្រើសដឹកជញ្ជូនសាធារណៈផ្សេងទៀតដើម្បីកាត់បន្ថយពេលវេលារង់ចាំ និងការកកស្ទះ។
មន្រ្តីប៉ូលិសសិង្ហបុរីក៏បានលើកទឹកចិត្តដល់សាធារណជនឱ្យពិនិត្យមើលផែនទីអនឡាញដែលផ្តល់ព័ត៌មានថ្មីៗអំពីដង់ស៊ីតេហ្វូងមនុស្សនិងការបិទតំបន់មួយចំនួនមុនពេលធ្វើដំណើរទៅកាន់ផ្លូវ Orchard ផងដែរ ដើម្បីធានាសុវត្ថិភាព និងជៀសវាងការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលបុណ្យដ៏ធំមួយនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





