កូរ៉េខាងត្បូង និងចិន គ្រោងនឹងពិភាក្សាកិច្ចប្រជុំកំពូលនៅដើមឆ្នាំក្រោយ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ យ៉ុន (Cho Hyun) បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងសេអ៊ូលនិងទីក្រុងប៉េកាំង បានរៀបចំកិច្ចពិភាក្សាកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅដើមឆ្នាំក្រោយ។
នៅពេលសួរក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន Yonhap News TV ថាតើលោក លី និងលោក ស៊ី នឹងធ្វើកិច្ចពិភាក្សាកំពូលនៅដើមឆ្នាំក្រោយដែរឬទេ លោក ចូ បានឆ្លើយថា «យើងបានពិគ្រោះយោបល់ពាក់ព័ន្ធជាមួយប្រទេសចិន»។
លោក ចូ បាននិយាយថា កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងលោក លី និងលោក ស៊ី នឹងត្រូវបានប្រកាស «ឆាប់ៗនេះ»។ លោក ចូ បាននិយាយថា ប្រសិនបើកិច្ចប្រជុំកំពូលត្រូវបានធ្វើឡើងរបៀបបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើងឱ្យវិលត្រឡប់មកតុសន្ទនាវិញនឹងក្លាយជារបៀបវារៈដ៏សំខាន់មួយ។
ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឱ្យប្រទេសចិនដើរតួនាទីក្នុងការជំរុញលក្ខខណ្ឌដើម្បីបន្តការសន្ទនាជាមួយប្រទេសកូរ៉េខាងជើង ដោយប្រទេសចិនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។
ភាពតានតឹងផ្នែកការទូតរវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង នៅតែបន្តកើតមានលើរចនាសម្ព័ន្ធប៉មដែករបស់ប្រទេសចិនដោយសាងសង់ក្នុងតំបន់សមុទ្រដែលត្រួតស៊ីគ្នានៅសមុទ្រលឿង។ ប៉មដែកទាំងនេះបានធ្វើឱ្យមានការសង្ស័យថាប្រទេសចិនបានដំឡើងវាដើម្បីទាមទារទឹកដីលើតំបន់នោះដូចដែលបានធ្វើនៅក្នុងសមុទ្រចិនខាងត្បូង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





