ប៉ាគីស្ថានបានចាក់វ៉ាក់សាំងដល់កុមារជាង ៤៤លាននាក់នៅក្នុងយុទ្ធនាការជំងឺស្វិតដៃជើងទូទាំងប្រទេសចុងក្រោយនៃឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិ (EOC) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ាគីស្ថានបានចាក់វ៉ាក់សាំងកុមារជាង ៤៤,៦ លាននាក់ដោយជោគជ័យនៅក្នុងយុទ្ធនាការជំងឺស្វិតដៃជើងចុងក្រោយទូទាំងប្រទេសឆ្នាំ២០២៥។
យុទ្ធនាការនេះដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែធ្នូបានចាក់វ៉ាក់សាំងដល់កុមារជិត ២២,៩លាននាក់នៅភាគខាងកើតខេត្តភុនចាប់ ប្រហែល ១០,៦លាននាក់នៅភាគខាងត្បូងខេត្តស៊ីនដ៍ ជាង ៧,១៥លាននាក់នៅភាគពាយ័ព្យនៃខេត្តឃីបឺប៉ាក់ទុនខ្វា និងជាង ២,៥៨ លាននាក់នៅភាគនិរតីនៃខេត្តបាឡូជីស្ថាន។
រដ្ឋធានីសហព័ន្ធ Islamabad បានកត់ត្រាការចាក់វ៉ាក់សាំងជាង៤៥០,០០០ដង ខណៈដែលតំបន់ Gilgit-Baltistan ភាគខាងជើង និងតំបន់Kashmir ដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថានបានឈានដល់កុមារប្រហែល ២៧៤,០០០នាក់ និង ៧១៤,០០០នាក់។
មជ្ឈមណ្ឌល EOC បានថ្លែងអំណរគុណដល់ឪពុកម្តាយ រដ្ឋបាលមូលដ្ឋាន ភ្នាក់ងារអនុវត្តច្បាប់ និងបុគ្គលិកផ្នែកស្វិតដៃជើងចំពោះការគាំទ្ររបស់ពួកគេ ដោយហៅបុគ្គលិកផ្នែកស្វិតដៃជើង និងបុគ្គលិកសន្តិសុខថាជា«វីរបុរសពិត» របស់ប្រទេសជាតិចំពោះសេវាកម្មដែលខិតខំប្រឹងប្រែងរបស់ពួកគេក្នុងអំឡុងពេលយុទ្ធនាការនេះ។
ការជំរុញនេះត្រូវបានអនុវត្តន៍តាមរយៈការចាក់វ៉ាក់សាំងនៅតាមសាលារៀន ការផ្សព្វផ្សាយដល់សហគមន៍ និងយុទ្ធនាការពីផ្ទះមួយទៅផ្ទះមួយ ដោយធានាបាននូវការគ្របដណ្តប់សូម្បីតែនៅតំបន់ដាច់ស្រយាល និងមានហានិភ័យខ្ពស់ក៏ដោយ។ ប្រទេសប៉ាគីស្ថានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ជំងឺស្វិតដៃជើង និងការពារកុមារទូទាំងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





