ចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូត
AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ -- អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតរបស់ខ្លួននៅថ្ងៃអង្គារនេះ ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលថ្មីៗនៃតម្លៃប្រេងអន្តរជាតិ។
យោងតាមគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) បានឱ្យដឹងថា តម្លៃប្រេងសាំងនឹងត្រូវកាត់បន្ថយចំនួន ១៧០យ័ន (ប្រហែល២៤,០៩ដុល្លារអាម៉េរិក) ក្នុងមួយតោន ហើយតម្លៃប្រេងម៉ាស៊ូតនឹងធ្លាក់ចុះចំនួន ១៦៥យ័នក្នុងមួយតោន។
ក្រុមហ៊ុនប្រេងធំៗទាំងបីរបស់ប្រទេសចិន គឺសាជីវកម្មប្រេងជាតិចិនសាជីវកម្មប្រេងគីមីចិន និងសាជីវកម្មប្រេងក្រៅឆ្នេរសមុទ្រចិន រួមជាមួយរោងចក្រចម្រាញ់ប្រេងផ្សេងទៀត ត្រូវបានណែនាំឱ្យរៀបចំការផលិត និងដឹកជញ្ជូនផលិតផលប្រេងចម្រាញ់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថិរភាព។
ក្រោមយន្តការកំណត់តម្លៃបច្ចុប្បន្នរបស់ប្រទេសចិន តម្លៃផលិតផលប្រេងចម្រាញ់ត្រូវបានកែតម្រូវដោយផ្អែកលើការប្រែប្រួលនៃតម្លៃប្រេងឆៅអន្តរជាតិ។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យតម្លៃរបស់គណៈកម្មការ NDRCបានឱ្យដឹងថា ក្នុងចំណោមការផ្គត់ផ្គង់លើស និងអស្ថិរភាពភូមិសាស្ត្រនយោបាយ តម្លៃប្រេងអន្តរជាតិត្រូវបានគេរំពឹងថានឹងប្រែប្រួលក្នុងកម្រិតទាប៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





