លោក ស៊ី ជិនពីង អបអរសាទរលោក ចូសេ អាន់តូនីញ៉ូ កាស ដែលជាប់ឆ្នោតជាប្រធានាធិបតីឈីលី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទ បានផ្ញើសារអបអរសាទរទៅកាន់ លោកចូសេ អានតូនីញ៉ូ កាស (Jose Antonio Kast) ក្នុងឱកាសដែលលោកត្រូវបានជ្រើសតាំងជាប្រធានាធិបតីឈីលី។
លោក ស៊ី បានចង្អុលបង្ហាញថា ប្រទេសឈីលីគឺជាប្រទេសដំបូងគេនៅអាមេរិកខាងត្បូង ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសទាំងពីរតែងតែប្រកាន់ខ្ជាប់នូវការគោរពគ្នា សមភាព ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសទាំងពីរយល់ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់ធំៗហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗបានផ្តល់លទ្ធផលផ្លែផ្កា និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។
ដោយកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសចិន-ឈីលី គឺជាចំណុចស្នូលនៃទំនាក់ទំនងរបស់ប្រទេសចិនជាមួយបណ្តាប្រទេសអាមេរិកឡាទីនលោក ស៊ី បានមានប្រសាសន៍ថា ការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាបន្តបន្ទាប់ទទួលបានការឯកភាពគ្នាយ៉ាងទូលំទូលាយ ដែលចែករំលែកដោយវិស័យផ្សេងៗនៅក្នុងប្រទេសទាំងពីរ។
លោក ស៊ី បានមានប្រសាសន៍ថា លោកផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការរីកចម្រើននៃទំនាក់ទំនងចិន-ឈីលី ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត លោក កាស ដើម្បីបន្តមិត្តភាពប្រពៃណី លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយចិន-ឈីលី ដល់កម្ពស់ថ្មី និងផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





