កូរ៉េខាងត្បូងរាយការណ៍ពីករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីថ្មីមួយនៅកសិដ្ឋានសត្វក្រួច
AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីមួយនៃជំងឺគ្រុនផ្តាសាយបក្សី (AI) ដែលបង្កជំងឺខ្លាំងនៅកសិដ្ឋានចិញ្ចឹមសត្វក្រួចមួយកន្លែងក្នុងតំបន់ភាគកណ្តាលកាលពីថ្ងៃចន្ទ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៧ករណីចាប់តាំងពីរដូវត្រជាក់បានចាប់ផ្តើមមក។
យោងតាមទីស្នាក់ការគ្រប់គ្រងគ្រោះមហន្តរាយកណ្តាល (CDMH)បានឱ្យដឹងថា ជំងឺគ្រុនផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញនៅកសិដ្ឋានមួយក្នុងទីក្រុងជីនចេអុន ខេត្តជុងជេអុងខាងជើង ចម្ងាយប្រហែល១៣០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
CDMH បាននិយាយថា ខ្លួនកំពុងធ្វើការត្រួតពិនិត្យពិសេសនៅកសិដ្ឋានដែលរងផលប៉ះពាល់ ខណៈដែលកំពុងពង្រឹងការត្រួតពិនិត្យយានយន្តដែលធ្លាប់ទៅកាន់ទីតាំងទាំងនោះ ដើម្បីការពារការរីករាលដាលនៃជំងឺនេះបន្ថែមទៀត។
អាជ្ញាធរនឹងធ្វើការត្រួតពិនិត្យយ៉ាងទូលំទូលាយទៅលើកសិដ្ឋានចិញ្ចឹមមាន់ពងនៅទូទាំងប្រទេសរហូតដល់ចុងឆ្នាំនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





