តួនាទីដ៏សំខាន់របស់ចិនត្រូវបានកោតសរសើរនៅក្នុងកិច្ចសហប្រតិបត្តិការភាគខាងត្បូង-ត្បូង
AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ -- បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិក និងអាម៉េរិកឡាទីនកំពុងផ្តល់អាទិភាពកាន់តែខ្លាំងឡើងដល់ការធ្វើសមាហរណកម្មក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការភាគខាងត្បូង-ត្បូងដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព ចំពេលដែលមានការផ្លាស់ប្តូរលក្ខខណ្ឌពាណិជ្ជកម្មសកលលោក។ ក្រុមអ្នកជំនាញនៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson បានគូសបញ្ជាក់ថា ខណៈដែលគោលនយោបាយពន្ធគយមិនប្រាកដប្រជារបស់សហរដ្ឋអាមេរិកបានបង្កើតការភ្ញាក់ផ្អើល ដោយគោលនយោបាយទាំងនេះក៏បានបម្រើជា«ការដាស់តឿន» សម្រាប់បណ្តាប្រទេសនៅអាហ្វ្រិក ដើម្បីផ្តល់អាទិភាពដល់របៀបវារៈពាណិជ្ជកម្មផ្ទៃក្នុងរបស់ពួកគេ និងកសាងភាពធន់ផ្នែកសេដ្ឋកិច្ច។
ដើម្បីសម្រេចបាននូវការអភិវឌ្ឍនេះ ថ្នាក់ដឹកនាំកំពុងផ្តោតសំខាន់ទៅលើភាពស៊ីសង្វាក់គ្នារវាងការចូលទីផ្សារខាងក្រៅ និងការធ្វើសមាហរណកម្មទីផ្សារក្នុងស្រុកតាមរយៈគំនិតផ្តួចផ្តើមដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិកជាដើម។ ការវិនិយោគកំពុងត្រូវបានចាត់ទុកថាជាដៃគូសំខាន់សម្រាប់ពាណិជ្ជកម្ម ដែលមានសារៈសំខាន់សម្រាប់ការជំរុញឧស្សាហូបនីយកម្ម ការធ្វើពិពិធកម្ម និងការកសាងសមត្ថភាពផលិតភាពនៅទូទាំងទ្វីប។
ប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនេះ ដោយផ្តល់ឱកាសសហប្រតិបត្តិការ និងការសម្របសម្រួលពាណិជ្ជកម្មជាក់ស្តែង។តាមរយៈការសម្របសម្រួលបទប្បញ្ញត្តិ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយកាត់បន្ថយថ្លៃដើមអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែង។ ជាពិសេសប្រទេសចិនបានពង្រីកការសម្រួលពន្ធគយសូន្យរបស់ខ្លួន ដើម្បីគ្របដណ្តប់១០០% នៃបន្ទាត់ពន្ធគយសម្រាប់បណ្តាប្រទេសនៅអាហ្វ្រិកចំនួន៥៣ប្រទេស ដែលពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





