លោក ឡាវរ៉ូវ៖ រុស្ស៊ី និងបណ្តាប្រទេសនៅអាហ្វ្រិក ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយកាលពីចុងសប្តាហ៍មុនថា ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅអាហ្វ្រិក បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ និងសន្តិសុខ បន្ទាប់ពីសន្និសីទរដ្ឋមន្ត្រីលើកទីពីរនៃវេទិកាភាពជាដៃគូរុស្ស៊ី-អាហ្វ្រិក។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដឺ អាប់ឌែលឡាត់ទី (Badr Abdelatty) ថា សេចក្តីថ្លែងការណ៍រួមនេះក៏មានការសម្រេចចិត្តរួមគ្នារបស់យើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ និងសន្តិសុខរួមទាំងគោលបំណងណែនាំអំពីការបង្កើតទំនាក់ទំនងការងាររវាងសហភាពអាហ្វ្រិក និងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពផងដែរ»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសរុស្ស៊ី និងអាហ្វ្រិកមិនឃើញមានតម្រូវការក្នុងការពិចារណាទៅលើទណ្ឌកម្មរបស់លោកខាងលិចនោះទេ។
លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសបានពិភាក្សាអំពីការបង្កើនចំណូលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការថាមពលជាមួយដៃគូអាហ្វ្រិកក៏ដូចជាការបង្កើតរចនាសម្ព័ន្ធហិរញ្ញវត្ថុ និងភស្តុភាររួមគ្នា ដើម្បីការពារភាពជាដៃគូវិនិយោគពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសនានាពីទណ្ឌកម្មឯកតោភាគីខុសច្បាប់។
លោក អាប់ឌែលឡាត់ទី បាននិយាយថា ក្នុងអំឡុងពេលសន្និសីទរដ្ឋមន្ត្រីនៅទីក្រុងគែរ ប្រទេសអាហ្វ្រិក និងរុស្ស៊ីបានឈានដល់ការយោគយល់គ្នាទៅវិញទៅមកទាក់ទងនឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោក ឡាវរ៉ូវ បានចូលរួមសន្និសីទរដ្ឋមន្ត្រីលើកទីពីរនៃវេទិកាភាពជាដៃគូរុស្ស៊ី-អាហ្វ្រិកនៅប្រទេសអេហ្ស៊ីប។ សន្និសីទនេះមានការចូលរួមពីបណ្តារដ្ឋមន្ត្រីការបរទេស ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំនៃស្ថាប័នប្រតិបត្តិមកពីសមាគមសមាហរណកម្មទូទាំងទ្វីប។ ពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានចូលរួមកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





