ឥណ្ឌូណេស៊ីនឹងបញ្ឈប់ការនាំចូលអង្ករនៅឆ្នាំក្រោយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមមន្ត្រីរដ្ឋាភិបាលមួយរូបបានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងមិននាំចូលអង្ករសម្រាប់ការប្រើប្រាស់ ឬសម្រាប់ឧស្សាហកម្មទៀតទេនៅឆ្នាំក្រោយនេះ ដោយមន្រ្តីនោះបានលើកឡើងពីភាពគ្រប់គ្រាន់នៃការផលិតក្នុងស្រុក។
សេចក្តីសម្រេចនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំសម្របសម្រួលរបស់រដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះនៅទីក្រុងហ្សាកាតា ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀង ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិកណ្តាល។
លោក តាតាំង យូលីអូណូ (Tatang Yuliono) អនុប្រធានសម្របសម្រួលពាណិជ្ជកម្ម និងចែកចាយ នៃក្រសួងសម្របសម្រួលសន្តិសុខស្បៀង បាននិយាយថា តម្រូវការក្នុងស្រុកទាំងអស់ រួមទាំងអង្ករសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ និងការកែច្នៃឧស្សាហកម្ម នឹងត្រូវបានបំពេញយ៉ាងពេញលេញដោយផលិតកម្មក្នុងស្រុក។
រដ្ឋាភិបាលក៏បានបដិសេធទៅលើសំណើរបស់ក្រសួងឧស្សាហកម្មក្នុងការនាំចូលអង្ករប្រមាណជិត ៣៨១.០០០តោនសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មនៅក្នុងឆ្នាំ២០២៦ ផងដែរដោយរដ្ឋាភិបាលជឿជាក់ថា ការផ្គត់ផ្គង់ក្នុងស្រុកនឹងបំពេញតាមតម្រូវការបានគ្រប់គ្រាន់។ គោលនយោបាយមិននាំចូលនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស រួមទាំងតំបន់ពាណិជ្ជកម្មសេរី ដូចជាតំបន់សាបាង នៅក្នុងខេត្តសាឆេផងដែរ។
លោក តាតាំង បានបន្ថែមថា ក្រសួងពាក់ព័ន្ធនឹងបន្តពិនិត្យមើលឡើងវិញនូវគោលនយោបាយនាំចូលអាហារតាមរយៈកិច្ចប្រជុំតុល្យភាពទំនិញនាពេលខាងមុខ។
ទំនុកចិត្តរបស់ឥណ្ឌូណេស៊ីនេះបានកើតចេញពីការអនុវត្តកសិកម្មដ៏រឹងមាំនៅក្នុងឆ្នាំ២០២៥ នៅពេលដែលប្រទេសនេះបានបញ្ឈប់ការនាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងវិស័យសន្តិសុខស្បៀងជាតិ។ កាលពីពាក់កណ្តាលឆ្នាំ២០២៥ ទុនបម្រុងអង្កររបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុតប្រហែល ៤លានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ។
យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ការផលិតអង្ករនៅក្នុងឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៣៤,៧៧លានតោនដែលកើនឡើង ១៣,៥៤% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញដោយអាកាសធាតុអំណោយផល និងគោលនយោបាយគាំទ្រកសិករក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto)។ ទិន្នផលពោតក៏ត្រូវបានគេរំពឹងថានឹងឈានដល់ប្រហែល៤លានតោនផងដែរនៅចុងឆ្នាំនេះ ដែលធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងវិស័យបសុបក្សី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





