លោក ហ្សេលេនស្គី ប្រកាសពីកិច្ចចរចាថ្មីរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក មុនពេលកិច្ចប្រជុំកំពូលអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សាជុំថ្មីមួយជាមួយមន្ត្រីអាម៉េរិកនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ និងថ្ងៃសៅរ៍ នៅសហរដ្ឋអាមេរិក ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងបង្កើនល្បឿនដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីមុនពេលកិច្ចប្រជុំកំពូលអឺរ៉ុបមួយដែលត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាហិរញ្ញប្បទានរបស់អ៊ុយក្រែនសម្រាប់រយៈពេលពីរឆ្នាំខាងមុខ។
លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា «ក្រុមការងាររបស់យើងនឹងនៅសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ពួកគេកំពុងធ្វើដំណើរទៅទីនោះរួចហើយ។ ជនជាតិអាម៉េរិកកំពុងរំពឹងថានឹងមានពួកគេ»ដោយលោកបានបន្ថែមថា តំណាងអឺរ៉ុបក៏អាចចូលរួមក្នុងកិច្ចពិភាក្សានោះផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថាអ្នកណានឹងតំណាងឱ្យអ៊ុយក្រែននោះទេ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីអ៊ុយក្រែន សហរដ្ឋអាមេរិកនិងអឺរ៉ុបបានធ្វើកិច្ចចរចានៅទីក្រុងប៊ែរឡាំងកាលពីដើមសប្តាហ៍នេះ ជាកន្លែងដែលកិច្ចពិភាក្សាផ្តោតសំខាន់ទៅលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងបញ្ហាទឹកដី។
កិច្ចប្រជុំនាពេលខាងមុខនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិក មុនពេលកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាមួយរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក។
អ្នកចូលរួមមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។សារព័ត៌មាន Politico បានរាយការណ៍ថា ភាគីសហរដ្ឋអាមេរិកនឹងរួមបញ្ចូលបេសកជនពិសេស លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងលោក ចារ៉េដ គូស្ន័រ (Jared Kushner) កូនប្រសារ និងជាទីប្រឹក្សាក្រៅផ្លូវការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)ដោយរុស្ស៊ីត្រូវបានតំណាងដោយលោក គីរីល ឌីមីទ្រីវ ៩Kirill Dmitriev)ដែលជាមនុស្សជំនិតរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





