លោក ដូណាល់ ត្រាំ ផ្តល់ភ្លើងខៀវដល់កញ្ចប់សព្វាវុធថ្មីដែលមានតម្លៃ ១១ប៊ីលានដុល្លារអាម៉េរិកសម្រាប់កោះតៃវ៉ាន់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីពេលថ្មីៗនេះថា កញ្ចប់សព្វាវុធថ្មីចំនួនប្រាំបីសម្រាប់កោះតៃវ៉ាន់មានតម្លៃសរុបជាង ១១ប៊ីលានដុល្លារអាម៉េរិកដែលស្ទើរតែប្រាកដជានឹងបង្កភាពតានតឹងជាមួយប្រទេសចិន។
ការលក់សព្វាវុធដែលត្រូវបានអនុម័តដោយក្រសួងការបរទេសនេះរួមមានការលក់កាំភ្លើងធំស្វ័យប្រវត្តិ M107A7 ចំនួន ៦០គ្រឿង និងឧបករណ៍ពាក់ព័ន្ធ កាំភ្លើងបាញ់គ្រាប់រ៉ុក្កែតច្រើនដើម M142 HIMARS ចំនួន ៨២គ្រឿង ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព ឬ ATACMS ចំនួន៤២០គ្រាប់ គ្រាប់រំសេវយន្តហោះគ្មានមនុស្សបើក ALTIUS ជាង ១ប៊ីលានដុល្លារអាម៉េរិក និងគ្រាប់មីស៊ីល TOW ដែលមានតម្លៃ ៣៥៣លានដុល្លារអាម៉េរិក។
ការលក់គ្រាប់មីស៊ីល Javelin ដែលមានតម្លៃជាង ៣៧៥លានដុល្លារអាម៉េរិកក៏ត្រូវបានអនុម័តផងដែរ ដូចគ្នានឹងការលក់គ្រាប់មីស៊ីលHarpoon និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃ ៩១,៤លានដុល្លារអាម៉េរិកនិងគ្រឿងបន្លាស់ ព្រមទាំងឧទ្ធម្ភាគចក្រប្រភេទ AH-1W SuperCobra និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃ ៩៦លានដុល្លារអាម៉េរិក។
ការលក់ដែលអាចកើតមាននីមួយៗត្រូវបានកត់សម្គាល់ដាច់ដោយឡែកពីគ្នាដោយទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិដែលបានប្រកាសពីការលក់សព្វាវុធសំខាន់ៗ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





