អ៊ីស្រាអែលអនុម័តកិច្ចព្រមព្រៀងឧស្ម័នតម្លៃ ៣៤,៧ប៊ីលានដុល្លារអាម៉េរិកជាមួយប្រទេសអេហ្ស៊ីប
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃពុធថា លោកបានអនុម័តកិច្ចព្រមព្រៀងឧស្ម័នមួយដែលមានតម្លៃ១១២ប៊ីលានសេកែល (ប្រហែល ៣៤,៧ប៊ីលានដុល្លារអាម៉េរិក) ដែលអ៊ីស្រាអែលនឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសអេហ្ស៊ីប។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនថាមពលសហរដ្ឋអាមេរិកChevron រួមជាមួយដៃគូអ៊ីស្រាអែលរបស់ខ្លួននឹងផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអេហ្ស៊ីប។
លោក នេតាន់យ៉ាហ៊ូ ហៅវាថាជា «កិច្ចព្រមព្រៀងឧស្ម័នដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល» ដោយលោកបាននិយាយថា ប្រហែល៥៨ប៊ីលានសេកែលពីកិច្ចព្រមព្រៀងនេះនឹងហូរចូលទៅក្នុងរតនាគាររដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយមួយ លោកបាននិយាយថា លោកមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងពង្រឹង «តួនាទីរបស់អ៊ីស្រាអែលជាមហាអំណាចថាមពលក្នុងតំបន់ និងរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់របស់យើង»។
រដ្ឋមន្ត្រីក្រសួងថាមពល លោក អេលី កូហេន (Eli Cohen) ដែលថ្លែងជាមួយលោក នេតាន់យ៉ាហ៊ូ បានពិពណ៌នាអំពីការអនុម័តកិច្ចព្រមព្រៀងនេះថាជា «ពេលវេលាប្រវត្តិសាស្ត្រ» សម្រាប់អ៊ីស្រាអែលទាំងផ្នែកការទូត និងសេដ្ឋកិច្ច។
លោក កូហេន បាននិយាយថា ការអនុម័តនេះបានកើតឡើងបន្ទាប់ពីការចរចាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនខែ ហើយក្រុមហ៊ុនឧស្ម័នត្រូវបានគេរំពឹងថានឹងវិនិយោគជាង ១៦ប៊ីលានសេកែលនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឧស្ម័នក្រោមកិច្ចព្រមព្រៀងនេះ។
អ៊ីស្រាអែលបានក្លាយជាប្រទេសផលិតឧស្ម័នធម្មជាតិ បន្ទាប់ពីការរកឃើញវាលប្រេងធំៗនៅឯនាយសមុទ្រនៃភាគខាងកើតសមុទ្រមេឌីទែរ៉ាណេក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ រួមទាំងវាលប្រេងTamar និងវាលប្រេង Leviathan ដែលបានផ្លាស់ប្តូរប្រទេសនេះពីប្រទេសនាំចូលថាមពលទៅជាប្រទេសនាំចេញក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





