ការនាំចេញប្រេងរបស់ប្រទេសកាហ្សាក់ស្ថានលើសពីគោលដៅប្រចាំឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកថាមពលម្នាក់បានឱ្យដឹងថា ប្រទេសកាហ្សាក់ស្ថានបាននាំចេញប្រេងចំនួន៧៣,៤លានតោនក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៥ ដោយបំពេញផែនការនាំចេញប្រចាំឆ្នាំចំនួន ៧០,៥លានតោនមុនកាលវិភាគ។
ទីភ្នាក់ងារសារព័ត៌មាន Kazinform បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងថាមពលកាហ្សាក់ស្ថាន លោក ស៊ុនហ្គេត យេស៊ីមខានូវ (Sungat Yesimkhanov) ថា ការផលិតប្រេង និងឧស្ម័នរបស់ប្រទេសនេះបានឈានដល់ ១១៤,១% នៃកម្រិតដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។
លោក ស៊ុនហ្គេត បាននិយាយថា ការផលិតឧស្ម័នមានចំនួនសរុប៦២,៨ប៊ីលានម៉ែត្រគូប ឬ ១១៦,៧% ធៀបនឹងឆ្នាំមុន ដែលសម្រេចបានតាមផែនការប្រចាំឆ្នាំ ដោយលោកបានបន្ថែមថា ទិន្នផលឧស្ម័នប្រេងរាវមានចំនួន ២,៨លានតោន ឬ ១០១,៨% ធៀបនឹងឆ្នាំមុន។
លោកបាននិយាយថា ការដឹកជញ្ជូនឧស្ម័នឆ្លងកាត់ប្រទេសកាហ្សាក់ស្ថានបានឈានដល់ ៦៤,៥ប៊ីលានម៉ែត្រគូប ឬ ១០០,៩% ធៀបនឹងឆ្នាំមុន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





