លោក ឡាវរ៉ូវ៖ រុស្ស៊ីត្រៀមខ្លួនជួយអ៊ីរ៉ង់ស្វែងរកដំណោះស្រាយចំពោះវិបត្តិកម្មវិធីនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយកាលពីថ្ងៃពុធថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអ៊ីរ៉ង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយសម្រាប់វិបត្តិដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក ឡាវរ៉ូវ បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់លោក អាបាស់ អារ៉ាកជី (Abbas Araghchi) ថា «រុស្ស៊ីបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនដើម្បីជួយមិត្តភក្តិអ៊ីរ៉ង់របស់យើងឱ្យស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន ដើម្បីដោះស្រាយវិបត្តិជាមួយនឹងកម្មវិធីនុយក្លេអ៊ែរ[អ៊ីរ៉ង់] ដែលត្រូវបានបង្កើតឡើងដោយលោកខាងលិច»។
លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយថា រុស្ស៊ីកំពុងជំរុញសហរដ្ឋអាមេរិកក្នុងអំឡុងពេលទំនាក់ទំនងជាមួយខ្លួនឱ្យស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះស្ថានភាពជុំវិញអ៊ីរ៉ង់ ប៉ុន្តែមិនបានជំរុញសេវាកម្មសម្របសម្រួលរបស់ខ្លួនទេ។
អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះបាននិយាយថា សេវាកម្មសម្របសម្រួលដែលរុស្ស៊ីអាចផ្តល់ជូន គឺត្រូវបានគេដឹងយ៉ាងច្បាស់។
លោក ឡាវរ៉ូវ បាននិយាយថា «យើងមិនកំពុងជំរុញសេវាកម្មសម្របសម្រួលទាំងនេះទេ ប៉ុន្តែប្រសិនបើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងនាមជាភាគីសំខាន់ដែលពាក់ព័ន្ធសម្រេចចិត្តថាសេវាកម្មបែបនេះអាចជាតម្រូវការហើយប្រសិនបើសមភាគីផ្សេងទៀតរបស់ទីក្រុងតេអេរ៉ង់មិនមានការជំទាស់ទេ យើងពិតជាត្រៀមខ្លួនរួចជាស្រេចដើម្បីចូលអន្តរាគមន៍»។
លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយថា រុស្ស៊ីត្រូវបានជូនដំណឹងអំពីគោលជំហររបស់អ៊ីរ៉ង់ទៅលើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





