ក្រសួងការបរទេសចិន៖ ចិនបន្តគោលនយោបាយការបរទេសឯករាជ្យ និងមានជំហរច្បាស់លាស់ចំពោះបញ្ហាអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនលោក គូ ជៀគុន (Guo Jiakun) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបន្តគោលនយោបាយការបរទេសឯករាជ្យ និងសន្តិភាពរបស់ខ្លួន ដោយគោលជំហររបស់ទីក្រុងប៉េកាំងចំពោះវិបត្តិនៅអ៊ុយក្រែននៅតែមានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់។
កាលពីថ្ងៃអង្គារ សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយថា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងបង្ហាញសញ្ញាត្រៀមខ្លួនរួចជាស្រេចដើម្បីងាកទៅរកទីក្រុងប៉េកាំង ប្រសិនបើទីក្រុងវ៉ាស៊ីនតោនជំរុញកិច្ចព្រមព្រៀងអ៊ុយក្រែន ដែលទីក្រុងព្រុចសែលមិនពេញចិត្ត។
អ្នកនាំពាក្យរូបនេះបាននិយាយថា គោលជំហររបស់ប្រទេសចិនចំពោះវិបត្តិនៅអ៊ុយក្រែន គឺ «ស៊ីសង្វាក់គ្នា និងច្បាស់លាស់»។ លោកបានបន្ថែមថាទីក្រុងប៉េកាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលមានគោលបំណងដោះស្រាយដោយសន្តិវិធី ហើយសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងឈានដល់ «កិច្ចព្រមព្រៀងសន្តិភាពដ៏យុត្តិធម៌ យូរអង្វែង និងចងភ្ជាប់តាមរយៈកិច្ចសន្ទនា និងកិច្ចចរចានៅដំណាក់កាលដំបូង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





