អាជ្ញាធរមូលដ្ឋាននៅឥណ្ឌូណេស៊ីពង្រីកការដាក់រដ្ឋក្នុងគ្រាអាសន្នដោយសារគ្រោះមហន្តរាយធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- អាជ្ញាធរនៅក្នុងខេត្តអាឆេ កោះស៊ូម៉ាត្រាខាងជើង និងកោះស៊ូម៉ាត្រាខាងលិចរបស់ប្រទេសឥណ្ឌូណេស៊ី បានពង្រីកស្ថានភាពដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការរអិលបាក់ដីនៅក្នុងតំបន់ជាច្រើននៃកោះស៊ូម៉ាត្រាមានជាង១.០០០នាក់។
ខណៈដែលការខាតបង់ទាក់ទងនឹងគ្រោះមហន្តរាយនៅតែបន្តកើនឡើង អាជ្ញាធរនៅក្នុងខេត្តដែលរងផលប៉ះពាល់បានសម្រេចចិត្តពង្រីកស្ថានភាពគ្រាអាសន្ននេះ ដើម្បីធានាបាននូវធនធាន និងយន្តការផ្លូវច្បាប់សម្រាប់កិច្ចខិតខំប្រឹងប្រែងឆ្លើយតប។ កោះស៊ូម៉ាត្រាខាងលិចបានពង្រីកវាដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កោះស៊ូម៉ាត្រាខាងជើងដល់ថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥ និងខេត្តអាឆេដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) នៃប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍ថា គ្រោះទឹកជំនន់ និងការរអិលបាក់ដីចាប់តាំងពីចុងខែវិច្ឆិការហូតមកដល់ពេលនេះ បានសម្លាប់មនុស្សចំនួន ១.០១៦នាក់របួសប្រហែល ៧.៦០០នាក់ និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់២១២នាក់បាត់ខ្លួន។ ផ្ទះជាង ១៥៨.០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រហែល ១.២០០កន្លែងនៅទូទាំងស្រុកចំនួន៥២ នៅក្នុងបណ្តាខេត្តដែលរងផលប៉ះពាល់ ត្រូវបានខូចខាត ឬបំផ្លាញទាំងស្រុង។
យោងតាមអ្នកនាំពាក្យរបស់ BNPB លោក អាប់ឌុល មូហារី (Abdul Muhari) បានឱ្យដឹងថា ភូមិរាប់សិបកន្លែងនៅក្នុងខេត្តអាឆេនៅតែឯកោដោយសារតែផ្លូវថ្នល់ខូចខាត ខណៈដែលភាពឯកោនៅកោះស៊ូម៉ាត្រាខាងជើង និងកោះស៊ូម៉ាត្រាខាងលិចបានធូរស្រាលខ្លះហើយ។ ផ្លូវថ្នល់ដែលអាចប្រើប្រាស់បាននៅមានកម្រិត ដែលបានធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសក្លាយជាវិធីសាស្ត្រចម្បងសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជូនសម្ភារៈសង្គ្រោះជាង ៣៨៣តោនទៅកាន់តំបន់ដែលរងផលប៉ះពាល់។
អភិបាលខេត្តកោះស៊ូម៉ាត្រាខាងលិច លោក ម៉ាយែលឌី អេនស្សារូលឡាហ៍ (Mahyeldi Ansharullah) បាននិយាយថា ការពង្រីកនេះ គឺចាំបាច់ណាស់ដើម្បីពន្លឿនការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់។ ទន្ទឹមនឹងនេះដែរ អភិបាលខេត្តអាឆេ លោកមូហ្សាគៀ ម៉ាណាហ្វ (Muzakir Manaf) បានសង្កត់ធ្ងន់ថា ស្ថានភាពគ្រាអាសន្នអនុញ្ញាតឱ្យតំបន់នេះផ្តោតការយកចិត្តទុកដាក់ទៅលើការជួសជុលស្ពាន និងផ្លូវថ្នល់ដែលខូចខាតយ៉ាងធ្ងន់ធ្ងរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





