ម៉ាឡេស៊ីពន្លឿនការផ្លាស់ប្តូរថាមពលស្អាត
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធសូន្យនៅត្រឹមឆ្នាំ២០៥០ និងការកាត់បន្ថយអាំងតង់ស៊ីតេកាបូន ៤៥% នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ហ្វាឌីឡាហ៍ យូសូហ្វ (Fadillah Yusof)។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលការផ្លាស់ប្តូរថាមពលស្អាតនៅអាស៊ី (CETA) ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងកាលពីពេលថ្មីៗនេះនៅទីក្រុងគូឡាឡាំពួរ លោក ហ្វាឌីឡាហ៍ ដែលជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរទឹករបស់ប្រទេសម៉ាឡេស៊ីផងដែរនោះ បាននិយាយថា តំបន់អាស៊ីអាគ្នេយ៍ឥឡូវនេះជំរុញតម្រូវការថាមពលជាងពាក់កណ្តាលនៃពិភពលោក។
ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន The Star បានឱ្យដឹងថាលោកឧបនាយករដ្ឋមន្ត្រីបាននិយាយថា គោលដៅរបស់ប្រទេសម៉ាឡេស៊ីគឺមានមហិច្ឆតាក្នុងការសម្រេចបានសមត្ថភាពថាមពលកកើតឡើងវិញ៧០% នៅត្រឹមឆ្នាំ២០៥០។ ថាមពលពន្លឺព្រះអាទិត្យនឹងកើនឡើងប្រាំដង។ប្រព័ន្ធថ្មទ្រង់ទ្រាយបណ្តាញនឹងធ្វើឱ្យបណ្តាញថាមពលនាពេលអនាគតរបស់ប្រទេសនេះមានស្ថេរភាព។ ថាមពលផ្ទុកជាង ១ជីហ្គាវ៉ាត់កំពុងដំណើរការរួចហើយនៅក្រោមផែនទីបង្ហាញផ្លូវផ្លាស់ប្តូរថាមពលជាតិ។
ក្នុងនាមជាប្រទេសមួយនៅក្នុងបណ្តាញថាមពលអាស៊ាន ប្រទេសម៉ាឡេស៊ីកំពុងបង្កើតច្រករបៀងថាមពលក្នុងតំបន់ ដែលអេឡិចត្រុងហូរដោយសេរីឆ្លងកាត់ប្រទេសនានា ដោយកាត់បន្ថយថ្លៃដើម ធ្វើឱ្យប្រសើរឡើងនូវស្ថេរភាព និងលើកកម្ពស់ការប្រកួតប្រជែង។
យោងតាមរូបលោក បានឱ្យដឹងថា ការនាំចេញថាមពលកកើតឡើងវិញ ៥០មេហ្គាវ៉ាត់ជាលើកដំបូងរបស់ប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសសិង្ហបុរី គឺលើសពីសមិទ្ធផលបច្ចេកទេសទៅទៀត។ វាគឺជាភស្តុតាងនៃសមត្ថភាព ទំនុកចិត្ត និងការត្រៀមខ្លួននៅក្នុងតំបន់។
លោកបាននិយាយថា ដោយសារប្រទេសម៉ាឡេស៊ីជាចំណុចកណ្តាលនៃប្រព័ន្ធថាមពលកកើតឡើងវិញរបស់ប្លុក ជាមួយនឹងការតភ្ជាប់ដែលមានស្រាប់ចំនួនប្រាំ និងច្រើនទៀតកំពុងត្រូវបានអភិវឌ្ឍន៍ អាស៊ានមានគោលបំណងសម្រាប់ការតភ្ជាប់ក្នុងតំបន់ឱ្យបានពេញលេញនៅត្រឹមឆ្នាំ២០៤៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





