ឥណ្ឌូណេស៊ីនឹងលុបចោលលិខិតអនុញ្ញាតព្រៃឈើចំនួន២២ បន្ទាប់ពីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅកោះស៊ូម៉ាត្រា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីនឹងលុបចោលលិខិតអនុញ្ញាតព្រៃឈើចំនួន២២ នៅទូទាំងប្រទេស បន្ទាប់ពីមានគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃកោះស៊ូម៉ាត្រានៅភាគពាយ័ព្យ។
សេចក្តីសម្រេចនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងព្រៃឈើឥណ្ឌូណេស៊ី លោក រ៉ាចា ជូលី អេនតូនី (Raja Juli Antoni) កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៥ ចំពេលដែលមានការព្រមានកាន់តែខ្លាំងឡើងពីអ្នកបរិស្ថាននិងអ្នកជំនាញអំពីការបាត់បង់ព្រៃឈើដែលបានដើរតួសំខាន់នៅក្នុងគ្រោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ដែលក្នុងខែនេះបានសម្លាប់មនុស្សជាង១.០០០នាក់ និងបានហូរច្រោះភក់ចូលទៅក្នុងភូមិនានា។
យោងតាមលោក រ៉ចា បានឱ្យដឹងថា រដ្ឋាភិបាលនឹងលុបចោលលិខិតអនុញ្ញាតព្រៃឈើចំនួន២២ ដែលគ្របដណ្តប់លើផ្ទៃដីព្រៃឈើជាង១លានហិកតា រួមទាំងផ្ទៃដីជាង ១០០.០០០ហិកតានៅកោះស៊ូម៉ាត្រា។
ជាមួយនឹងការបន្ថែមផ្ទៃដី ១លានហិកតាទៀត ព្រៃឈើប្រហែល១,៥លានហិកតារបស់ប្រទេសត្រូវបានគ្រប់គ្រង ដោយលោកបាននិយាយដោយសំដៅទៅលើចំនួនសរុបបន្ទាប់ពីសេចក្តីសម្រេចរបស់លោកកាលពីខែកុម្ភៈក្នុងការលុបចោលលិខិតអនុញ្ញាតដែលមានលើផ្ទៃដីប្រហែល៥០០.០០០ហិកតា។
ព្រៃឈើជួយស្រូបយកទឹកភ្លៀង និងធ្វើទប់ដីដោយសារឫសរបស់វាហើយអវត្តមានរបស់វាធ្វើឱ្យតំបន់ងាយនឹងរងគ្រោះដោយទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។
ប្រទេសឥណ្ឌូណេស៊ីតែងតែស្ថិតក្នុងចំណោមប្រទេសដែលមានការបាត់បង់ព្រៃឈើប្រចាំឆ្នាំច្រើនជាងគេបំផុតនៅលើពិភពលោក។ ការជីកយករ៉ែ ចម្ការ និងអគ្គីភ័យ បានបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ព្រៃឈើបឋមជាង ២៤០.០០០ហិកតាត្រូវបានបាត់បង់នៅក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការវិភាគដោយក្រុមហ៊ុនអភិរក្ស The TreeMap's Nusantara Atlas project៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





