មីស៊ីលដឹកនាំថ្មីមានសមត្ថភាពវាយប្រហារកាំភ្លើងធំរបស់កូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ -- មន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា មីស៊ីលដឹកនាំទំនើបថ្មីត្រូវបានដាក់ពង្រាយជាមួយនឹងសមត្ថភាពវាយប្រហារលើបំណែកកាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់ប្រទេសកូរ៉េខាងជើងដែលលាក់ទុកក្នុងរូងភ្នំ។
មីស៊ីលយុទ្ធសាស្ត្រកូរ៉េ (KTSSM) ដែលត្រូវបានគេហៅថា «ឃាតករកាំភ្លើងធំរយៈចម្ងាយឆ្ងាយ» ត្រូវបានបង្កើតឡើងចាប់តាំងពីការបាញ់ផ្លោងរបស់ប្រទេសកូរ៉េខាងជើងនៅឆ្នាំ២០១០ លើកោះយ៉ុងព្យុង ដែលបានសម្លាប់កម្មករ ២នាក់ និងទាហានម៉ារីន ២នាក់។
យោងតាមរដ្ឋបាលការពារជាតិ (DAPA) បានឱ្យដឹងថា ប្រតិបត្ដិការនៃការដាក់ពង្រាយមីស៊ីលត្រូវបានធ្វើឡើងនៅទីបញ្ជាការមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ពនៅទីក្រុងវ៉ុនជូ មានចម្ងាយប្រហែល ៨៥គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងសេអ៊ូល។
យោងតាមរដ្ឋបាល DAPA បានឱ្យដឹងថា មីស៊ីលទំនើបនេះត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពប្រតិបត្តិការរបស់យោធា និងបង្កើនប្រព័ន្ធទប់ស្កាត់ដ៏សំខាន់របស់ប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





