ភេរវករចំនួន ១៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាចំនួន ២លើកនៅភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមការលើកឡើងរបស់យោធាបានឱ្យដឹងថា
កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១៣នាក់ក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់ចំនួន ២ដាច់ដោយឡែកពីគ្នា ដែលបានធ្វើឡើងនៅក្នុងខេត្តឃីបឺប៉ាក់ទុនខ្វា ភាគពាយ័ព្យនៃប្រទេស។
យោងតាមសេវាទំនាក់ទំនងសាធារណៈ (ISPR) ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន បានឱ្យដឹងថា ប្រតិបត្តិការដំបូងត្រូវបានអនុវត្តន៍នៅក្នុងស្រុកម៉ូម៉ាន់ បន្ទាប់ពីរបាយការណ៍បានបង្ហាញពីវត្តមានរបស់ពួកសកម្មប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមភេរវករដែលឧបត្ថម្ភដោយបរទេស។
កងកម្លាំងសន្តិសុខបានវាយប្រហារលើកន្លែងលាក់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៧នាក់បន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំង។
នៅក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់លើកទី២ ដែលបានធ្វើឡើងនៅក្នុងស្រុកបាននូ កងកម្លាំងសន្តិសុខបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន៦នាក់ផ្សេងទៀត។ នេះបើយោងតាមការលើកឡើងរបស់សេវា ISPR។
យោធាបានបន្ថែមថា ប្រតិបត្តិការបោសសម្អាតកំពុងបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដើម្បីលុបបំបាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





