ស៊ូដង់ និងស៊ូដង់ខាងត្បូង សន្យាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ប្រេង និងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង បានព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យថាមពល ប្រេង ពាណិជ្ជកម្ម វិនិយោគនិងកិច្ចការនយោបាយ។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលស៊ូដង់ លោក អាប់ដេល ហ្វាតតាហ៍ អាល់ បួរហាន់ (Abdel Fattah Al-Burhan) និងគណៈប្រតិភូជាន់ខ្ពស់ស៊ូដង់ខាងត្បូងដឹកនាំដោយ លោក ទូត ហ្គាទ្លូក (Tut Gatluak) ទីប្រឹក្សាប្រធានាធិបតីទទួលបន្ទុកសន្តិសុខជាតិ ដែលបានផ្ញើសារជាលាយលក្ខណ៍អក្សរពីប្រធានាធិបតីស៊ូដង់ខាងត្បូង លោក សាល់វ៉ា គៀ ម៉ាយ៉ារឌីត (Salva Kiir Mayardit) ស្តីពីការបង្កើនចំណងមិត្តភាពទ្វេភាគី។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសស៊ូដង់ លោក មូអាវីយ៉ា អូសម៉ាន់ ខាលីដ (Muawiya Osman Khalid) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អាល់ បួរហាន់ បានណែនាំស្ថាប័នរដ្ឋពាក់ព័ន្ធនៅកម្រិតរដ្ឋមន្ត្រី និងបច្ចេកទេសឱ្យចូលរួមជាមួយសមភាគីស៊ូដង់ខាងត្បូង ដើម្បីពិភាក្សាអំពីបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យសំខាន់ៗ រួមមាន ថាមពល ប្រេង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយ។
លោក ខាលីដ បានសរសើររដ្ឋាភិបាល និងប្រជាជនស៊ូដង់ខាងត្បូងចំពោះការគាំទ្ររបស់ពួកគេចំពោះប្រទេសស៊ូដង់ ចំពេលមានបញ្ហាដែលប្រទេសនេះកំពុងតែប្រឈមមុខ។
រដ្ឋមន្ត្រីការបរទេសស៊ូដង់ខាងត្បូង លោកស្រី សេម៉ាយ៉ា គុមបា (Semaya Kumba) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថាកិច្ចពិភាក្សានេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេងពាណិជ្ជកម្ម និងវិនិយោគ ហើយភាគីទាំងពីរបានឯកភាពគ្នាថា គណៈប្រតិភូបច្ចេកទេស និងទ្វេភាគីនឹងធ្វើកិច្ចប្រជុំរួមគ្នា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងជំរុញកិច្ចសហប្រតិបត្តិការនាពេលអនាគត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





