ប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពបង់ក្លាដែសនៅប្រទេសស៊ូដង់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ -- កាលពីថ្ងៃចន្ទ ប្រទេសប៉ាគីស្ថានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដ៏សាហាវយង់ឃ្នងប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាពបង់ក្លាដែសនៅក្នុងប្រទេសស៊ូដង់។
កងទ័ពបង់ក្លាដែសបានបញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាពចំនួន ៦នាក់មកពីកងទ័ពបង់ក្លាដែសត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីក្រុមអ្នកវាយប្រហារបានកំណត់គោលដៅលើមូលដ្ឋានអង្គការសហប្រជាជាតិមួយនៅតំបន់ Abyei ប្រទេសស៊ូដង់។
អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក តាហៀ អានដ្រាប៊ី (Tahir Andrabi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ប្រទេសប៉ាគីស្ថានសូមសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែសចំពោះការបាត់បង់ជីវិតដ៏មានតម្លៃហើយឈរជើងក្នុងសាមគ្គីភាពជាមួយក្រុមគ្រួសារដែលបាត់បង់ជីវិតនៅក្នុងគ្រាដ៏សោកសៅនេះ»។
លោកបាននិយាយថា កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតែស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីទប់ស្កាត់ជម្លោះការពារជនស៊ីវិល និងគាំទ្រសន្តិភាពក្រោមទង់ជាតិអង្គការសហប្រជាជាតិ។
លោកបានបន្ថែមថា «យើងគោរពដល់ការលះបង់ដ៏ធំធេងដែលបានធ្វើឡើងក្នុងកាតព្វកិច្ចសម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ប្រទេសប៉ាគីស្ថានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សដើម្បីកំណត់អត្តសញ្ញាណជនល្មើសនៃការវាយប្រហារដ៏កំសាក និងដើម្បីទទួលខុសត្រូវ»។
អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ម្តងទៀតថា ប្រទេសប៉ាគីស្ថាននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិទាំងអស់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





