វេទិកាអន្តរជាតិស្វែងយល់ពីការរួមបញ្ចូលនៃបញ្ញាសិប្បនិម្មិតទៅក្នុងការអប់រំជាមូលដ្ឋាន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ -- សន្និសីទអន្តរជាតិចិន ស្តីពីការអប់រំជាមូលដ្ឋាន (CICBE) ឆ្នាំ២០២៥ បានចាប់ផ្តើមនៅទីក្រុងសៀងហៃកាលពីចុងសប្តាហ៍មុន ដោយបានប្រមូលផ្តុំអ្នកចូលរួមប្រមាណជិត ៤០០នាក់មកពីជុំវិញពិភពលោក ដើម្បីស្វែងយល់ពីការរួមបញ្ចូលនៃបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការអប់រំ។
ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ រៀបចំរួមគ្នាដោយសមាគមអប់រំចិន សាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង សាកលវិទ្យាល័យសៀងហៃ និងរដ្ឋាភិបាលក្រុងនៃស្រុកជាឌីង ទីក្រុងសៀងហៃដោយមានការចេញផ្សាយនូវគំនិតផ្តួចផ្តើម ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការច្នៃប្រឌិតអប់រំ ដែលអំពាវនាវឱ្យមានសកម្មភាពជាសកលក្នុងវិស័យចំនួនប្រាំមួយ ដែលរយមមាន ការទទួលយកបច្ចេកវិទ្យាប្រកបដោយភាពសកម្ម ការចូលប្រើប្រាស់ដោយសមធម៌ អភិបាលកិច្ចដែលបង្កើនដោយ AI កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបំពេញបេសកកម្មអប់រំស្តង់ដារសីលធម៌ និងកិច្ចសហប្រតិបត្តិការបើកចំហ។
នៅក្នុងសុន្ទរកថាវីដេអូមួយ លោក រេន យូគុន (Ren Youqun) អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការផ្តល់អាទិភាពដល់ការអប់រំ។ លោកបានគូសបញ្ជាក់ពីគោលការណ៍ណែនាំចំនួនបីសម្រាប់ការផ្លាស់ប្តូរការអប់រំដែលជំរុញដោយ AI ដែលធានាដល់ការចូលប្រើប្រាស់ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្រោមគោលគំនិត «ឌីជីថលសម្រាប់ភាពល្អ» ដើម្បីបង្កើតសង្គមសិក្សាសម្រាប់ទាំងអស់គ្នា លើកកម្ពស់នវានុវត្តន៍ដើម្បីបណ្តុះស្មារតីនវានុវត្តន៍របស់មនុស្សជំនាន់ថ្មី និងលើកកម្ពស់ភាពបើកចំហ និងកិច្ចសហការក្នុងការគ្រប់គ្រងការអប់រំជាសកល។
លោក ជូ ជីវិន (Zhu Zhiwen) ប្រធានសមាគមអប់រំចិន បានកត់សម្គាល់ថា «AI ដែលជាជួរមុខនៃបដិវត្តន៍បច្ចេកវិទ្យា កំពុងផ្លាស់ប្តូរផលិតកម្ម របៀបរស់នៅ និងការអប់រំរបស់មនុស្សយ៉ាងស៊ីជម្រៅ»។ លោក វូ ស៊ីនប៉ាវ (Wu Xinbao) អនុប្រធានគណៈកម្មាធិការទីក្រុងសៀងហៃនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនឹងលើកទឹកចិត្ត និងជំរុញឱ្យទីក្រុងសៀងហៃពង្រឹងកំណែទម្រង់វិស័យអប់រំ និងកិច្ចសហការអន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





