មនុស្សចាស់ត្រូវការសេវាគ្រប់គ្រងសុខភាពដែលមានភាពកាន់តែប្រសើរ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ -- ក្រុមអ្នកជំនាញបានអំពាវនាវឱ្យមណ្ឌលថែទាំមនុស្សចាស់ទាំងរដ្ឋ និងឯកជន ផ្តល់សេវាកម្មសុខភាពកាន់តែទូលំទូលាយសម្រាប់មនុស្សចាស់ និងជួលអ្នកគ្រប់គ្រងសុខភាពដែលមានជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពជីវិត និងអារម្មណ៍សុខុមាលភាពរបស់មនុស្សចាស់។
មជ្ឈមណ្ឌលស្រាវជ្រាវចិន ស្តីពីភាពចាស់ជរា និងមូលនិធិលើកកម្ពស់សុខភាពចិន បានចេញផ្សាយរបាយការណ៍មួយរួមគ្នាកាលពីថ្ងៃពុធ ដោយផ្តោតសំខាន់ទៅលើគុណភាពនៃការគ្រប់គ្រងសុខភាពនៅក្នុងមណ្ឌលថែទាំមនុស្សចាស់។ របាយការណ៍នេះផ្អែកលើការស្ទង់មតិដែលធ្វើឡើងនៅស្ថាប័នថែទាំមនុស្សចាស់ចំនួន ៤៥២កន្លែងនៅទូទាំងតំបន់ភាគខាងកើតភាគកណ្តាល ភាគខាងលិច និងភាគឦសាននៃប្រទេសចាប់ពីខែកញ្ញាដល់ខែតុលា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍នោះ បានឱ្យដឹងថា មនុស្សវ័យចំណាស់ភាគច្រើននៅក្នុងមណ្ឌលថែទាំមានអាយុ ៧០ឆ្នាំឡើងទៅ ហើយជាង ៨០% នៃអ្នកដែលត្រូវបានស្ទង់មតិមានជំងឺរ៉ាំរ៉ៃ។ ប្រហែល ៦០% បានបាត់បង់មុខងារចល័តជាមូលដ្ឋាន។
ការស្ទង់មតិបានរកឃើញថា អត្រារីករាលដាលនៃជំងឺរ៉ាំរ៉ៃក្នុងចំណោមអ្នកទាំងនោះ មានចំនួន ៨៣,៩% ខណៈដែលអត្រាពិការភាពមាន ៦២,៣%។
របាយការណ៍នោះបាននិយាយថា ៩៥,១% នៃស្ថាប័នដែលបានស្ទង់មតិ ផ្តល់ការពិនិត្យសុខភាពប្រចាំឆ្នាំសម្រាប់អ្នកស្នាក់នៅ។ ប្រហែល៩៤,២% វាយតម្លៃសុខភាពរាងកាយជាប្រចាំ ៨៤,១% វាយតម្លៃសុខភាពអារម្មណ៍ និង ៨៣,៨% ធ្វើការវាយតម្លៃការយល់ដឹងជាប្រចាំទៅលើអ្នកស្នាក់នៅរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ មណ្ឌលថែទាំមនុស្សចាស់ភាគច្រើនប្រឈមមុខនឹងកង្វះខាតអ្នកគ្រប់គ្រងសុខភាពដែលមានជំនាញវិជ្ជាជីវៈដោយមានត្រឹមតែ ៤៤,២% ប៉ុណ្ណោះដែលបំពេញមុខតំណែងទាំងនេះ។ស្ទើរតែពាក់កណ្តាលនៃមណ្ឌលថែទាំបាននិយាយថា កង្វះខាតបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ គឺជាបញ្ហាប្រឈមចម្បង។
របាយការណ៍នោះបាននិយាយថា មណ្ឌលថែទាំមនុស្សចាស់ភាគច្រើននៅតែពឹងផ្អែកលើឧបករណ៍ត្រួតពិនិត្យសុខភាពបែបប្រពៃណីនិងខ្វះឧបករណ៍ឆ្លាតវៃ ឬបច្ចេកវិទ្យាខ្ពស់ ដែលអាចពាក់បាន ដូចជាម៉ែត្រវាស់ជាតិស្ករឆ្លាតវៃ និងម៉ែត្រវាស់សម្ពាធឈាមឆ្លាតវៃជាដើម។
តួលេខចុងក្រោយបំផុតពីក្រសួងកិច្ចការស៊ីវិល បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៤ ប្រទេសចិនមានប្រជាជនចំនួន ៣១០,៣លាននាក់ដែលមានអាយុ ៦០ឆ្នាំឡើងទៅ ដែលស្មើនឹង ២២% នៃចំនួនប្រជាជនសរុប។ នៅចុងឆ្នាំ២០២៣ តួលេខនេះមានប្រហែល ២៩៧លាននាក់ ឬ ២១,១% នៃចំនួនប្រជាជនសរុប។
យោងតាមក្រសួង បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៤ មានស្ថាប័នថែទាំមនុស្សចាស់ និងមណ្ឌលថែទាំមនុស្សចាស់ប្រហែល៤០៦.០០០កន្លែងនៅទូទាំងប្រទេស ដែលផ្តល់ជូនគ្រែជាង ៧,៩៩លានគ្រែសម្រាប់មនុស្សចាស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





