ការគាំទ្រគោលនយោបាយត្រូវបានជំរុញឱ្យបង្កើនអត្រារៀបអាពាហ៍ពិពាហ៍
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ -- ក្រុមអ្នកជំនាញបានអំពាវនាវឱ្យមានគោលនយោបាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែរឹងមាំសម្រាប់យុវជន និងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីលុបបំបាត់ការរើសអើងនៅកន្លែងធ្វើការ ដើម្បីលើកកម្ពស់សង្គមដែលងាយស្រួលសម្រាប់រៀបអាពាហ៍ពិពាហ៍ និងការសម្រាលកូន។
យោងតាមសៀវភៅប្រចាំឆ្នាំស្ថិតិចិន ដែលត្រូវបានបោះពុម្ពផ្សាយកាលពីពេលថ្មីៗនេះដោយការិយាល័យស្ថិតិជាតិ បានឱ្យដឹងថា គូស្វាមីភរិយាប្រហែល ៦,១លានគូបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេនៅក្នុងឆ្នាំ២០២៤។ ក្នុងចំណោមនោះ ៦,០៤លានគូជាអ្នករស់នៅចិនដីគោកខណៈដែល ៦១.៩០០គូមានប្តីឬប្រពន្ធជាជនបរទេស ជាជនជាតិចិននៅក្រៅប្រទេស ឬជាអ្នករស់នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់។
ទិន្នន័យនោះបានបង្ហាញថា ចំនួននៃការចុះបញ្ជីអាពាហ៍ពិពាហ៍បានប្រែប្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការងើបឡើងវិញបន្តិចបន្តួចកាលពីក្នុងឆ្នាំ២០២៣ បន្ទាប់ពីការធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ មក។ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ មានការកើនឡើងតិចតួចនៃចំនួននេះ ដោយមានគូស្វាមីភរិយាប្រហែល ៥,១៥លានគូបានចុះបញ្ជីអាពាហ៍ពិពាហ៍ បើប្រៀបធៀបទៅនឹង ៤,៧៥លានគូក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមនិន្នាការនេះ ក្រុមអ្នកជំនាញ និងសមាជិកសាធារណជនបានជំរុញឱ្យមានការគាំទ្រផ្នែកគោលនយោបាយ និងហិរញ្ញវត្ថុបន្ថែមទៀតពីរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយសម្ពាធលើយុវជនដែលមានអាយុអាចរៀបការបាន និងលើកទឹកចិត្តពួកគេឱ្យរៀបការ និងមានកូន។
លោក ជាំង គ័នប៉ាវ (Jiang Quanbao) សាស្ត្រាចារ្យនៅសាលាសេដ្ឋកិច្ចការងារនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរដ្ឋធានីនៅទីក្រុងប៉េកាំង បាននិយាយថា «ពីទស្សនៈប្រជាសាស្ត្រ ចំនួនប្រជាជនចិនដែលមានអាយុរៀបការបច្ចុប្បន្ន ដែលភាគច្រើនជាអ្នកដែលកើតក្រោយឆ្នាំ១៩៩០ និងឆ្នាំ២០០០ កំពុងមានការថយចុះ។ ទស្សនៈរបស់យុវជនទៅលើការរៀបអាពាហ៍ពិពាហ៍ខុសពីទស្សនៈរបស់មនុស្សជំនាន់មុន។ ពួកគេមានទំនោរពន្យារពេលរៀបការ ឬជ្រើសរើសមិនរៀបការ»។
លោក ជាំង បានកត់សម្គាល់ថា សម្ពាធសង្គម និងបទដ្ឋានផ្លាស់ប្តូរក៏មានឥទ្ធិពលទៅលើការសម្រេចចិត្តរៀបការរបស់ពួកគេផងដែរ។ លោកបាននិយាយថា «យុវជនប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុពីការចំណាយលើលំនៅដ្ឋាន «ថ្លៃបណ្ណាការ» និងការចំណាយលើពិធីមង្គលការ និងការបង្កើតកូន។ ជាងនេះទៅទៀត ស្ត្រីកំពុងទទួលបានការអប់រំកាន់តែច្រើន និងស្វែងរកភាពជោគជ័យក្នុងអាជីព»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





