អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារភេរវកម្មនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមអ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា លោក អានតូញ៉ូ ហ្គូធឺរេស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មលើពិធីបុណ្យហានូកកាហ៍ (Hanukkah) នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
លោក ហ្វារហាន់ ហាក (Farhan Haq) អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការអង្គការសហប្រជាជាតិសូមសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា អគ្គលេខាធិការមានសាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលីក្នុងអំឡុងពេលដ៏លំបាកនេះ ហើយសូមសម្តែងនូវសាមគ្គីភាពជាមួយសហគមន៍ជ្វីហ្វនៅក្នុងប្រទេស និងទូទាំងពិភពលោក ខណៈពេលដែលពួកគេជួបជុំគ្នាដើម្បីអបអរសាទរសន្តិភាព។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា អគ្គលេខាធិការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រឆាំងនឹងពួកយូដាគ្រប់ទម្រង់ទាំងអស់ ហើយលោកបានបញ្ជាក់ជាថ្មីថា ការវាយប្រហារលើសហគមន៍សាសនា និងការប្រារព្ធពិធីដោយសន្តិវិធី គឺវាយប្រហារទៅលើតម្លៃស្នូលនៃការអត់ឱន ការរួមរស់ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





