បង់ក្លាដែសចាប់ខ្លួនអ្នកសារព័ត៌មានពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ -- ប៉ូលិសបង់ក្លាដែស កាលពីថ្ងៃចន្ទបាននិយាយថា ពួកគេបានចាប់ខ្លួនអ្នកសារព័ត៌មានជើងចាស់ម្នាក់ពីបទចោទប្រកាន់ថា បានធ្វើសកម្មភាពប្រឆាំងរដ្ឋ។
ការចាប់ខ្លួននេះ ដែលកើតឡើងមុនការបោះឆ្នោតសំខាន់ៗនៅក្នុងខែកុម្ភៈខាងមុខ ដែលជាការបោះឆ្នោតលើកដំបូងចាប់តាំងពីការបះបោរដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន ដែលបានផ្តួលរំលំរដ្ឋាភិបាលផ្តាច់ការរបស់លោកស្រី ហាស៊ីណា (Hasina) និងសម្ព័ន្ធអាវ៉ាមី (Awami) របស់លោកស្រី ដោយបានបង្កឱ្យមានការព្រួយបារម្ភពីក្រុមសិទ្ធិសំខាន់ៗ។
លោក អានីស អាឡាំគី (Anis Alamgir) ត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រឆាំងភេរវកម្ម រួមជាមួយមនុស្សបីនាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយការឃោសនានៅក្នុងកម្មវិធីជជែកមួយ និងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការឃុបឃិតគ្នាដើម្បីស្តារសម្ព័ន្ធអាវ៉ាមីឡើងវិញ។
រដ្ឋាភិបាលបណ្ដោះអាសន្នបានហាមឃាត់សម្ព័ន្ធអាវ៉ាមីរបស់លោកស្រី ហាស៊ីណា កាលពីក្នុងខែឧសភា ក្រោមវិសោធនកម្មច្បាប់ប្រឆាំងភេរវកម្ម ដោយចលនាមួយដែលជាអង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្កោលទោសវាថាជាឃោរឃៅ។
លោក កាហ្ស៊ី ម៉ូហាំម៉ាដ រ៉ាហ្វីក (Kazi Mohammad Rafiq) មន្ត្រីទទួលបន្ទុកស្ថានីយ៍ប៉ូលិសទីក្រុងអ៊ុតារ៉ាខាងលិច ក្នុងរដ្ឋធានីដាកា បាននិយាយថា «លោក អានីស អាឡាំគី ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ពីបទឃុបឃិតប្រឆាំងនឹងរដ្ឋ»។
មនុស្សបីនាក់ផ្សេងទៀតត្រូវបានដាក់ឈ្មោះនៅក្នុងឯកសារប៉ូលិសរួមមួយជាមួយលោក អាឡាំគី រួមទាំងតារាសម្តែង មេហឺ អាហ្រ្វូស ស្សាអុន (Meher Afroz Shaon) ផងដែរ។
អង្គការសិទ្ធិមនុស្ស Ain o Salish Kendra បានថ្កោលទោសចំពោះការចាប់ខ្លួននេះ។
អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការប្រើប្រាស់ច្បាប់ដែលដើមឡើយត្រូវបានអនុម័តដើម្បីទប់ស្កាត់សកម្មភាពភេរវកម្ម ជាការប្រឆាំងនឹងសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន ដែលប្រឆាំងទៅនឹងគោលការណ៍ជាមូលដ្ឋាននៃរដ្ឋប្រជាធិបតេយ្យ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





