គោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបស្វែងរកការគាំទ្រពីប៊ែលហ្ស៊ិកចំពោះប្រាក់សំណងសម្រាប់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ -- លោកស្រី កាចា កាល់ឡាស់ (Kaja Kallas) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានបញ្ជាក់សារជាថ្មីអំពីតម្រូវការសម្រាប់ការគាំទ្រពីប្រទេសប៊ែលហ្ស៊ិក ខណៈដែលប្លុកនេះចូលទៅក្នុងកិច្ចប្រជុំមួយដើម្បីសម្រេចថា តើត្រូវប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដែលត្រូវបានបង្កកសម្រាប់អ៊ុយក្រែនឬអត់ ដោយលោកស្រីបាននិយាយថា ពួកគេនឹងមិនចាកចេញដោយមិនទទួលបានលទ្ធផលនោះទេ។
លោកស្រី កាល់ឡាស់ បានប្រាប់អ្នកសារព័ត៌មាន ខណៈដែលរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងព្រុចសែលថា «យើងនឹងមិនចាកចេញពីកិច្ចប្រជុំ (នៅថ្ងៃព្រហស្បតិ៍) ទេ មុនពេលដែលយើងទទួលបានលទ្ធផល មុនពេលយើងទទួលបានការសម្រេចចិត្តទៅលើការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន។ ជម្រើសដែលគួរឱ្យទុកចិត្តបំផុត គឺប្រាក់សំណង ហើយនេះជាអ្វីដែលយើងកំពុងធ្វើវា»។
លោកស្រីបាននិយាយថា វិធានការនៃប្រាក់សំណងនេះ ជាការបញ្ជូនសញ្ញាច្បាស់លាស់ថា អ្នកណាដែលបង្កការខូចខាតបែបនេះដល់ប្រទេសមួយផ្សេងទៀត ត្រូវតែបង់ប្រាក់សម្រាប់សំណង។
លោកស្រី កាល់ឡាស់ បានសង្កត់ធ្ងន់ថា «បើគ្មានប្រទេសប៊ែលហ្ស៊ិកទេ (...) វានឹងមិនងាយស្រួលទេ ព្រោះពួកគេមានទ្រព្យសម្បត្តិភាគច្រើន ហើយខ្ញុំគិតថា វាសំខាន់ណាស់ដែលពួកគេយល់ព្រម»។
ខណៈដែលការពិភាក្សាទៅលើក្របខ័ណ្ឌនៃបទឈប់បាញ់ និងសន្តិភាពដែលអាចកើតមាននៅតែបន្ត លោកស្រី កាល់ឡាស់ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការធានាសន្តិសុខ «ជាក់ស្តែង» សម្រាប់អ៊ុយក្រែន។
លោកស្រីបាននិយាយថា «ពួកគេមិនអាចជាឯកសារ ឬការសន្យាបានទេ។ ពួកគេត្រូវតែជាកងទ័ពពិតប្រាកដ សមត្ថភាពពិតប្រាកដ ដើម្បីឱ្យអ៊ុយក្រែនអាចការពារខ្លួនបាន»។
ដោយសំដៅទៅលើការទាមទាររបស់រុស្ស៊ីសម្រាប់ការដកខ្លួនរបស់អ៊ុយក្រែនចេញពីតំបន់ដុនបាសស៍ ដែលជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់ លោកស្រី កាល់ឡាស់ បានគូសបញ្ជាក់ថា តំបន់នេះមិនមែនជា «ល្បែងបញ្ចប់» របស់ទីក្រុងម៉ូស្គូទេ។
លោកស្រីបានកត់សម្គាល់ថា «ប្រសិនបើវាទទួលបានតំបន់ដុនបាសស៍ នោះបន្ទាយនឹងត្រូវដួលរលំ ហើយបន្ទាប់មកពួកគេពិតជាបន្តវាយយកអ៊ុយក្រែនទាំងមូលតែម្តង»។
លោកស្រី កាល់ឡាស់ ក៏បានអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង និងប្រកបដោយចីរភាពផងដែរ ខណៈដែលលោកស្រីបានសង្កត់ធ្ងន់ថា មិនគួរមានការបន្ធូរបន្ថយណាមួយចំពោះអ្នកឈ្លានពានគេឡើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





