ទឹកជំនន់ភ្លាមៗសម្លាប់មនុស្ស ៣៧នាក់នៅភាគខាងលិចប្រទេសម៉ារ៉ុក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ -- អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ៣៧នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ភ្លាមៗដែលបានបំផ្លាញទីក្រុងសាហ្វី នៅភាគខាងលិចនៃប្រទេសម៉ារ៉ុក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអភិបាលក្រុងសាហ្វី បាននិយាយថា មនុស្សចំនួន ២០នាក់ក៏បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម៉ូហាំម៉េដ V ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅទីក្រុងសាហ្វីដើម្បីទទួលការព្យាបាល។ មនុស្សចំនួន ០៦នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ខណៈដែល ១៤នាក់ផ្សេងទៀតនៅតែកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមទាំងពីរនាក់ទៀតនៅក្នុងកន្លែងសង្រ្គោះបន្ទាន់។
ក្រសួងបានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ហើយវិធានការចាំបាច់ត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពតំបន់ដែលរងផលប៉ះពាល់ និងផ្តល់ការគាំទ្រដល់ប្រជាជន។
ក្រសួងអប់រំបាននិយាយថា សាលារៀនត្រូវបានផ្អាកនៅក្នុងទីក្រុង និងតំបន់ជុំវិញដោយសារតែស្ថានភាពអាកាសធាតុអាក្រក់។
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ារ៉ុក ដោយដកស្រង់សម្តីមន្ត្រីមូលដ្ឋាន បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងខុសធម្មតាក្នុងរយៈពេលខ្លី ប្រហែលជាមួយម៉ោង ដោយបានបញ្ចេញទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានបណ្តាលឱ្យមានការជន់លិចផ្ទះសម្បែង និងអាជីវកម្មនៅទូទាំងទីក្រុង។ ទឹកជំនន់នេះបានកើតឡើងបន្ទាប់ពីមានសកម្មភាពព្យុះផ្គររន្ទះខ្លាំង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





