កូរ៉េខាងត្បូង និងឡាវ ចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការផ្នែកច្បាប់ និងបន្តអនុស្សរណៈយោគយល់គ្នាផ្នែកការងារ បន្ទាប់ពីកិច្ចប្រជុំកំពូល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ -- កូរ៉េខាងត្បូង និងឡាវ បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាព្រហ្មទណ្ឌ និងការធ្វើបត្យាប័ន។
កិច្ចព្រមព្រៀងទាំងនេះត្រូវបានសម្រេចក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងសេអ៊ូល។ ដំណើរទស្សនកិច្ចរបស់លោក ថងលូន ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានធ្វើឡើងប្រហែលប្រាំមួយឆ្នាំបន្ទាប់ពីកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលបានធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងកាលពីក្នុងឆ្នាំ២០១៩។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនោះ លោក លី បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ខណៈដែលប្រទេសទាំងពីរកំពុងរំលឹកខួបរយៈពេលបីទសវត្សរ៍នៃការបន្តទំនាក់ទំនងការទូតឡើងវិញ។
លោក លី បាននិយាយថា «លោកប្រធានាធិបតី ថងលួន និងខ្ញុំបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ»។
លោកបានកត់សម្គាល់ថា ចាប់តាំងពីការស្តារទំនាក់ទំនងឡើងវិញនៅក្នុងឆ្នាំ១៩៩៥ កូរ៉េខាងត្បូង និងឡាវ សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលតែមួយជំនាន់នៅក្នុងគ្រប់វិស័យ ដែលរួមទាំងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
លោកប្រធានាធិបតីបាននិយាយថា «កូរ៉េខាងត្បូង គឺជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍កំពូលទាំងបីរបស់ឡាវ និងជាប្រភពវិនិយោគបរទេសធំជាងគេទីប្រាំរបស់ខ្លួន» ដោយលោកបានបន្ថែមថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះក៏ជាដៃគូសំខាន់សម្រាប់ទីក្រុងសេអ៊ូលក្នុងក្របខ័ណ្ឌសហប្រតិបត្តិការកូរ៉េខាងត្បូង-អាស៊ាន និងកូរ៉េខាងត្បូង-មេគង្គផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





