ឯកឧត្តម យី វាសនា៖ ក្រោយការទទួលទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម កម្ពុជាបានត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះបន្តវេន ឆ្នាំ២០២៩
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥--បន្ទាប់ពីកម្ពុជាបានទទួលទង់ជាផ្លូវការពីម្ចាស់ផ្ទះអារ៉ាប់រួម សម្រាប់ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៥ កម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៦ ឆ្នាំ២០២៩ ខាងមុខ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងឱកាសដឹកនាំប្រតិភូកីឡាជនពិការកម្ពុជាវិលត្រឡប់ពីការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ឯកឧត្តម យី វាសនា ដែលទទួលបន្ទុកនាយបេសកកម្មសម្រាប់ព្រឹត្តិការណ៍ដ៏ធំរៀងរាល់៤ឆ្នាំម្តង កម្រិតទ្វីបអាស៊ីមួយនេះបានពន្យល់ថា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ត្រូវបានលើកទៅឆ្នាំ២០៣១ ដែលជាសិទ្ធិធ្វើម្ចាស់ផ្ទះបន្តវេនពីប្រទេសបារ៉ែន ឆ្នាំ២០២៥។ ប៉ុន្តែសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះមិនប្រែប្រួលនោះទេ ដោយរក្សានៅឆ្នាំ២០២៩ដដែល។

ឯកឧត្តមអគ្គលេខាធិការ NPC បានកត់សម្គាល់បន្ថែមថា ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ គឺគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយបានរៀបចំផែនការមេរួចហើយៗក៏បានរៀបចំពង្រាងរចនាសម្ព័ន្ធរួចហើយដែរ។ ប្រសិនបើកម្ពុជាមិនរៀបចំពង្រាងរចនាសម្ព័ន្ធរបស់ខ្លួនជម្រាបជូនដល់អន្តរជាតិ ក៏គណៈកម្មាធិការប៉ារ៉ាអន្តរជាតិមិនប្រគល់ទង់បន្តវេនជូនដល់កម្ពុជាដែរ ពោលគឺកម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់សិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩។ ដូច្នេះ រចនាសម្ព័ន្ធរបស់កម្ពុជាបានឆ្លងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយ ដោយនៅតែរង់ចាំការចុះហត្ថលេខា និងចេញជាឯកសារថាតើយើងរៀបចំរចនាសម្ព័ន្ធពីថ្នាក់លើដល់ថ្នាក់ក្រោម ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដូចគ្នានឹងការរៀបចំរចនាសម្ព័ន្ធកាលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣កន្លងទៅប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណចក្រកម្ពុជាផងដែរ។
ឯកឧត្តម យី វាសនា មានប្រសាសន៍ទៀតថា យើងរំពឹងថា ពង្រាងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះនេះអាចនឹងកកើតជាផ្លូវការ នៅដំណាច់ឆ្នាំ២០២៥ ហើយយើងជឿជាក់ថា យើងបានត្រៀមខ្លួនរួចរាល់ហើយ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការប្រកួតកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការមានស្រាប់ហើយ ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាខេត្តនានា។ នេះជាចំណុចសំខាន់ ដែលហេដ្ឋានរចនាសម្ព័ន្ធកីឡាមិនត្រឹមតែបម្រើសម្រាប់តែកីឡាអាជីពប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាពលរដ្ឋទូទៅសម្រាប់ជនមិនពិការ និងជនមានពិការភាពចំពោះការហាត់ប្រាណ ការលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ដែលប្រារព្ធធ្វើឡើងចំនួន៥លើកកន្លងមក គឺអត្តពលិកមានពិការភាពកម្ពុជាបានចូលរួមបាន២លើករួចមកហើយ ក្នុងនោះកាលពីលើកដំបូង កាលពី៤ឆ្នាំមុន នៅប្រទេសបារ៉ែន អត្តពលិកយុវជនពិការកម្ពុជាចូលរួមប្រកួតតែម្នាក់ប៉ុណ្ណោះ ដោយឈ្នះមេដាយមាស១ និងប្រាក់១ យកមកជូនជាតិ។ ក្នុងព្រឹត្តិការណ៍ដដែល ក្នុងខែធ្នូ ឆ្នាំ២០២៥នេះ គឺអត្តពលិកពិការកម្ពុជាចូលរួមប្រកួតកើនឡើងពីម្នាក់ ក្នុង១ប្រភេទកីឡា (កាលពី៤ឆ្នាំមុន) ដល់៤ប្រភេទកីឡា (ក្នុងឆ្នាំ២០២៥) ដោយមានកីឡាករ កីឡាការិនីពិការសរុប ២៣នាក់ ក្នុងចំណោមប្រតិភូ មន្ត្រី គ្រូបង្វឹក អត្តពលិកសរុប ៣៧នាក់ ដោយកម្ពុជាដណ្តើមបានមេដាយសរុប ១២គ្រឿង ក្នុងនោះមាស ៣គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៥គ្រឿង៕
ដោយ ហេង ណាលីន





