សិង្ហបុរីមានការកើនឡើងគួរឱ្យព្រួយបារម្ភនៃករណីអំពើហិង្សាក្នុងគ្រួសារ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ -- អំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងនៅក្នុងឆ្នាំ២០២៤ ដែលភាគច្រើនដោយសារតែការកើនឡើងនៃការរំលោភបំពានលើកុមារ និងអំពើហិង្សាលើប្តី/ប្រពន្ធ។ នេះបើយោងតាមរបាយការណ៍និន្នាការអំពើហិង្សាក្នុងគ្រួសារដែលចេញផ្សាយដោយក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារកាលពីពេលថ្មីៗនេះ។
ជាពិសេស ចំនួនករណីរំលោភបំពានលើកុមារដែលមានហានិភ័យខ្ពស់ថ្មីនៅក្នុងឆ្នាំ២០២៤ បានកើនឡើង ១៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ ២.៣០៣ករណី។
ទន្ទឹមនឹងនេះដែរ ករណីរំលោភបំពានលើកុមារដែលមានហានិភ័យទាបទៅមធ្យមសរុបចំនួន ៣.២៩២ករណីត្រូវបានរាយការណ៍ ដែលជាការកើនឡើង ១៨% ពីចំនួន ២.៧៨៧ករណីដែលត្រូវបានកត់ត្រាកាលពីឆ្នាំមួយមុន។ នេះគឺជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០២២ មក។ អ្នកដែលមានអាយុពី ៧ឆ្នាំ ទៅ ១២ឆ្នាំ គឺជាក្រុមកុមារដែលត្រូវបានរំលោភបំពានច្រើនបំផុតដោយមនុស្សជាទីស្រលាញ់របស់ពួកគេ។
ចំនួនករណីរំលោភបំពានលើប្តី/ប្រពន្ធក៏បានកើនឡើងដែរ ពីចំនួន ២.០០៨ករណីនៅក្នុងឆ្នាំ២០២៣ ដល់ ២.១៣៦ករណីនៅក្នុងឆ្នាំ២០២៤ ដែលបន្តនិន្នាការកើនឡើងក្នុងរយៈពេលឆ្នាំ ២០២១-២០២៣។
ចំពោះករណីដែលមានហានិភ័យខ្ពស់ដែលត្រូវបានគ្រប់គ្រងដោយក្រសួង និងតម្រូវឱ្យមានអន្តរាគមន៍ផ្នែកច្បាប់ ចំនួនករណីរំលោភបំពានលើមនុស្សចាស់ដែលពាក់ព័ន្ធនឹងបុគ្គលងាយរងគ្រោះបានថយចុះប្រហែល ១០%។ ចំនួនករណីដែលពាក់ព័ន្ធនឹងមនុស្សពេញវ័យងាយរងគ្រោះដែលមានអាកប្បកិរិយាធ្វេសប្រហែសខ្លួនឯងបានធ្លាក់ចុះ ៥០% បើប្រៀបធៀបទៅនឹងឆ្នាំមួយមុន។
ជាពិសេស បញ្ហាទាំងនេះនៅតែបន្តកើតមាន បើទោះបីជាប៉ូលិសសិង្ហបុរីបានកែសម្រួលវិធានការឆ្លើយតបរបស់ពួកគេក៏ដោយ រួមទាំងការវាយតម្លៃហានិភ័យនៃការកើតឡើងវិញសម្រាប់ករណីនីមួយៗ និងនាំជនរងគ្រោះទៅកាន់មជ្ឈមណ្ឌលសេវាកម្មគ្រួសារដែលនៅជិតបំផុត ទោះបីជាជនរងគ្រោះមិនស្នើសុំជំនួយក៏ដោយ។
ដើម្បីដោះស្រាយមូលហេតុចម្បងនៃអំពើហិង្សាក្នុងគ្រួសារ ប៉ូលិសក៏បានពង្រឹងការគាំទ្រដល់ជនល្មើសផងដែរ ដោយផ្អែកលើការវាយតម្លៃត្រឹមត្រូវអំពីការលើកទឹកចិត្តនៅពីក្រោយអាកប្បកិរិយាហិង្សារបស់ពួកគេចំពោះសមាជិកគ្រួសារ។ ជនល្មើសនឹងត្រូវបានបញ្ជូនទៅជួបជាមួយមន្ត្រីសុខុមាលភាពសង្គម ដែលនឹងពិភាក្សា និងវាយតម្លៃថា តើត្រូវការអន្តរាគមន៍ដូចជាការប្រឹក្សា ការគាំទ្រសុខភាពផ្លូវចិត្ត ឬជំនួយហិរញ្ញវត្ថុដែរឬទេ។ បន្ទាប់មក ករណីទាំងនោះនឹងត្រូវបញ្ជូនទៅភ្នាក់ងារពាក់ព័ន្ធសម្រាប់ការគាំទ្របន្ថែម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





