នាយករដ្ឋមន្ត្រីទីម័រឡេស្តេ៖ ការចូលជាសមាជិកអាស៊ាន គឺជាក្តីស្រមៃក្លាយជាការពិត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ -- លោក កាយ រ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីទីម័រឡេស្តេ កាលពីពេលថ្មីៗនេះបានថ្លែងសុន្ទរកថាគោលនយោបាយនៅទីស្នាក់ការកណ្តាលអាស៊ាន/លេខាធិការដ្ឋានអាស៊ាន ក្នុងឱកាសដែលលោកទៅកាន់ស្ថាប័ននេះជាលើកដំបូងចាប់តាំងពីប្រទេសទីម័រឡេស្តេបានក្លាយជាសមាជិកទី១១ របស់អាស៊ាន។
នៅក្នុងសុន្ទរកថានោះ លោក ហ្គូសម៉ៅ បានបង្ហាញចក្ខុវិស័យអភិវឌ្ឍន៍របស់ទីម័រឡេស្តេជាមួយនឹងទិសដៅសេដ្ឋកិច្ចជាក់លាក់ជាច្រើន រួមទាំងការលើកកម្ពស់គម្រោងថាមពល Tasi Mane អាជីវកម្មវាលឧស្ម័ន Great Sunrise និងការកសាងឧស្សាហកម្មទេសចរណ៍ដោយផ្អែកលើគុណសម្បត្តិធម្មជាតិ និងវប្បធម៌របស់វា។ លោកបានអះអាងថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងបើកឱកាសវិនិយោគ បង្កើតការងារ និងគាំទ្រដល់ប្រជាជនវ័យក្មេងជាង ៦០% របស់ទីម័រឡេស្តេក្នុងការចូលរួមក្នុងបណ្តាញនវានុវត្តន៍ក្នុងតំបន់ ការអប់រំ និងសេដ្ឋកិច្ចឌីជីថល។
មុនពេលថ្លែងសុន្ទរកថាគោលនយោបាយនេះ នៅក្នុងសុន្ទរកថាបើករបស់លោកអគ្គលេខាធិការអាស៊ាន បណ្ឌិត កៅ គឹមហួន បាននិយាយថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងសមិទ្ធផលសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងជាសក្ខីភាពនៃស្មារតីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមករបស់តំបន់។
លោក កៅ បានមានប្រសាសន៍ថា ក្នុងនាមជារដ្ឋសមាជិកថ្មីបំផុតរបស់អាស៊ាន ទីម័រឡេស្តេនាំមកនូវគុណសម្បត្តិដ៏គួរឱ្យទាក់ទាញដែលស្របនឹងចក្ខុវិស័យ និងសេចក្តីប្រាថ្នារយៈពេលវែងរបស់អាស៊ាន។ ភាពរស់រវើកផ្នែកប្រជាសាស្ត្រ និងប្រពៃណីវប្បធម៌ចម្រុះរបស់ខ្លួន បង្កើនលក្ខណៈរួមបញ្ចូលរបស់អាស៊ាន ដែលកំណត់អត្តសញ្ញាណតំបន់ ខណៈដែលទីតាំងយុទ្ធសាស្ត្ររបស់ខ្លួនពង្រឹងការតភ្ជាប់ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏ទូលំទូលាយ ដោយបើកផ្លូវសម្រាប់សមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។
ចំពោះលោកវិញ នាយករដ្ឋមន្ត្រី ហ្គូសម៉ៅ បានសម្តែងនូវកិត្តិយសយ៉ាងជ្រាលជ្រៅរបស់លោក ដែលបានក្លាយជាប្រមុខរដ្ឋាភិបាលដំបូងគេរបស់ទីម័រឡេស្តេ ដែលបានមកទស្សនាលេខាធិការដ្ឋានអាស៊ានក្នុងនាមជាសមាជិកពេញសិទ្ធិ។
លោកបានសង្កត់ធ្ងន់ថា ការក្លាយជាសមាជិកអាស៊ាន គឺជា «ក្តីស្រមៃក្លាយជាការពិត» សម្រាប់ប្រជាជនទីម័រឡេស្តេ ដោយលោកបានបញ្ជាក់ថា ការចូលរួមជាមួយអាស៊ាន បានកត់សម្គាល់នូវចំណុចរបត់ដ៏សំខាន់មួយ ដែលជួយទីម័រឡេស្តេក្នុងការឆ្ពោះទៅរកអនាគត និងធ្វើសមាហរណកម្មទៅក្នុងសហគមន៍តំបន់ដ៏ទូលំទូលាយ។ ទីម័រឡេស្តេនឹងខិតខំចូលរួមចំណែកដល់សន្តិភាព សាមគ្គីភាព និងវិបុលភាពរួមរបស់តំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





