ម៉ាឡេស៊ីចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការចាក់សំរាមខុសច្បាប់
AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ -- អាជ្ញាធរម៉ាឡេស៊ីគាំទ្រផែនការមួយក្នុងការបង្កើតកម្លាំងអនុវត្តច្បាប់ដើម្បីទប់ស្កាត់សកម្មភាពចាក់សំរាមខុសច្បាប់ ខណៈដែលកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមិនសម្របសម្រួលប្រឆាំងនឹងការរំលោភបំពាន។
លោក ង៉ា កូរមីង (Nga Kor Ming) រដ្ឋមន្ត្រីក្រសួងលំនៅឋាន និងរដ្ឋាភិបាលមូលដ្ឋានម៉ាឡេស៊ី បានថ្លែងនៅក្នុងប្រតិបត្តិការលុបបំបាត់ និងបិទទីលានចាក់សំរាមខុសច្បាប់ឆ្នាំ២០២៥ របស់ក្រសួងថា ក្រសួងគាំទ្រយ៉ាងពេញទំហឹងចំពោះចលនារបស់សាជីវកម្មគ្រប់គ្រងកាកសំណល់រឹង និងសម្អាតសាធារណៈ (SWCorp) ក្នុងការបង្កើតអង្គភាពអនុវត្តច្បាប់ប្រដាប់អាវុធ ដើម្បីទប់ស្កាត់ក្រុមអ្នកប្រព្រឹត្តិអំពើចាក់សំរាមខុសច្បាប់។
យោងតាមមន្ត្រីរូបនេះ បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមថ្មីៗជាច្រើន ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីកាកសំណល់រឹង រួមទាំងការបង្កើតក្រុមការងារពិសេស និងការណែនាំកម្មវិធីទូរស័ព្ទ និងខ្សែទូរសព្ទទាន់ហេតុការណ៍របស់សាជីវកម្ម SWCorp ដែលបានទទួលរបាយការណ៍ជាង ១.៤០០ករណីរួចហើយអំពីការចាក់សំរាមខុសច្បាប់។
គិតត្រឹមខែតុលា កន្លែងចាក់សំរាមខុសច្បាប់សរុបចំនួន ៣.៦៣៤កន្លែងនៅក្នុងទីក្រុងចូហូ ទីក្រុងម៉េឡាកា ទីក្រុងណេកេរី សេមប៊ីឡាន់ ទីក្រុងប៉ាហាង ទីក្រុងភើលីស និងទីក្រុងកេដាហ៍ និងតំបន់នានានៃទីក្រុងគូឡាឡាំពួរ និងទីក្រុងពុត្រាចាយ៉ា ត្រូវបានបិទ ដែលជាចំនួនខ្ពស់បំផុតដែលត្រូវបានកត់ត្រាចាប់តាំងពីច្បាប់គ្រប់គ្រងកាកសំណល់រឹង និងការសម្អាតសាធារណៈឆ្នាំ២០០៧ (ច្បាប់លេខ៦៧២) បានចូលជាធរមាន។
បន្ទាប់ពីប្រតិបត្តិការអនុវត្តច្បាប់ចំនួន ៤.២៦៨ករណីមក ប្រទេសម៉ាឡេស៊ីបានប្រមូលសំរាមចំនួន ១.៥៣០តោន និងបានប្តឹងចំនួន ២២ករណីទៅតុលាការ ដោយមានការពិន័យសរុបចំនួន ៣៨៥.០០០រីងហ្គីត (៩៣.៦០០ដុល្លារអាម៉េរិក)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





