ឥណ្ឌូណេស៊ី៖ មនុស្សជាង ២០០នាក់នៅតែបាត់ខ្លួនបន្ទាប់ពីមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ -- ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបានវាយប្រហារខេត្តចំនួនបីនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី មានលើសពី ១.០០០នាក់ ដោយមាន ២១៨នាក់ផ្សេងទៀតនៅតែកំពុងបាត់ខ្លួន។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB)។
គ្រោះមហន្តរាយទាំងនេះបានបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ហើយទិន្នន័យរបស់ BNPB បានរាយបញ្ជីការខូចខាតទីសាធារណៈប្រហែល ១.២០០កន្លែង ក៏ដូចជាកន្លែងសុខភាពចំនួន ២១៩កន្លែង គ្រឹះស្ថានអប់រំចំនួន ៥៨១កន្លែង ទីសម្រាប់គោរពបូជាចំនួន ៤៣៤កន្លែង អគារការិយាល័យចំនួន ២៩០អគារ និងស្ពានចំនួន១៤៥។
យោងតាមលោក អាប់ឌុល មូហារី (Abdul Muhari) ប្រធានមជ្ឈមណ្ឌលទិន្នន័យ និងព័ត៌មានរបស់ BNPB បានឱ្យដឹងថា ការផ្ទៀងផ្ទាត់ និងការយោងទៅឯកសារស៊ីវិលកំពុងបន្តអនុវត្តនៅថ្នាក់ស្រុករង។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់តំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយនៅក្នុងខេត្តអាសេហ៍ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បាននិយាយថា រដ្ឋាភិបាលនៅតែបន្តធ្វើការដើម្បីបំពេញតម្រូវការជាមូលដ្ឋានរបស់សហគមន៍។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យរក្សាភាពរឹងមាំ និងរក្សាស្មារតី ក្នុងអំឡុងពេលដំណើរការស្តារឡើងវិញ ដោយលោកបានសម្តែងក្តីសង្ឃឹមថា សកម្មភាពសហគមន៍ រួមទាំងការបង្រៀន និងការរៀនសូត្រសម្រាប់កុមារ អាចវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





