ធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រប្រទេសឥណ្ឌូណេស៊ីក្នុងការជំរុញកំណែទម្រង់អភិវឌ្ឍន៍មូលធនមនុស្ស
AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ -- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះ បានប្រកាសអំពីការអនុម័តប្រាក់កម្ចីដែលមានមូលដ្ឋានលើគោលនយោបាយចំនួន ៥០០លានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រទេសឥណ្ឌូណេស៊ីក្នុងការជំរុញកំណែទម្រង់អភិវឌ្ឍន៍មូលធនមនុស្ស ដោយផ្តោតទៅលើការអប់រំ ការបណ្តុះបណ្តាលជំនាញ ការថែទាំសុខភាព និងប្រព័ន្ធការពារសង្គម។
កម្មវិធីរងទីបីនៃកម្មវិធីជំរុញផលិតភាពតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ផ្តោតសំខាន់ទៅលើការកែទម្រង់ស្ថាប័នពីកម្មវិធីរងពីរមុនៗ ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៣ រៀងៗខ្លួន។
ខណៈដែលកម្មវិធីរងទីមួយបានបង្កើតមូលដ្ឋានគ្រឹះនិយតកម្ម និងគំនិតផ្តួចផ្តើមសាកល្បង និងការអនុវត្តលើកទីពីរត្រូវបានពង្រីក កម្មវិធីទីបីនេះរួមបញ្ចូលនូវកំណែទម្រង់ទាំងនេះទៅក្នុងប្រព័ន្ធជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីគាំទ្រដល់ផលិតភាពការងារខ្ពស់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
វិស័យកំណែទម្រង់សំខាន់ៗរួមមាន វិធានការធានារ៉ាប់រងសុខភាពដែលពង្រីកការគ្របដណ្តប់ការថែទាំបង្ការ ដើម្បីរួមបញ្ចូលនូវការពិនិត្យជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន និងការបង្ការភាពស្លេកស្លាំងសម្រាប់ក្មេងស្រីវ័យជំទង់។ ធនាគារនោះបាននិយាយថា កំណែទម្រង់ទាំងនេះផ្តល់អំណាចដល់ស្ត្រីដោយអនុញ្ញាតឱ្យពួកគេជ្រើសរើសមណ្ឌលសុខភាពបឋមរបស់ពួកគេ និងស្វែងរកការថែទាំនៅកន្លែងដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព។
កម្មវិធីបណ្ណមុនការងារ ដែលបានបណ្តុះបណ្តាលមនុស្សជាង ១៨លាននាក់ ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងខ្លឹមសារស្តីពីជំនាញបៃតង និងបញ្ញាសិប្បនិម្មិត។ លើសពីនេះទៀត វេទិកាណែនាំអាជីពឌីជីថលថ្មីមួយ បានជួយផ្គូផ្គងនិស្សិតទើបបញ្ចប់ការសិក្សាជាមួយនឹងឱកាសការងារនានា។
កម្មវិធីនេះគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន១៥ បន្ថែមទៀត ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងអាណត្តិដែលសាកលវិទ្យាល័យសាធារណៈទាំងអស់ត្រូវទប់ស្កាត់ និងដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





