កូរ៉េខាងត្បូងជំរុញការនាំចេញអាវុធរួមនឹងកិច្ចព្រមព្រៀងរថក្រោះ K2 ជាមួយប្រទេសប៉េរូ
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងបានទទួលជោគជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដើម្បីនាំចេញរថក្រោះប្រយុទ្ធ K2 ទៅកាន់ប្រទេសប៉េរូ ខណៈដែលទីក្រុងសេអ៊ូលព្យាយាមធ្វើពិពិធកម្មមូលដ្ឋាននៃការនាំចេញអាវុធរបស់ខ្លួន។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន Hyundai Rotem និងកងទ័ពប៉េរូ ក្រុមហ៊ុនកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់រថក្រោះ K2 ចំនួន ៥៤គ្រឿង និងរថពាសដែក K808 ចំនួន ១៤១គ្រឿងដល់ប្រទេសអាមេរិកឡាទីននៅឆ្នាំក្រោយ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងពិធីមួយដែលធ្វើឡើងនៅទីក្រុងលីម៉ា កាលពីថ្ងៃអង្គារ ត្រូវបានចូលរួមដោយប្រធានទីភ្នាក់ងារលទ្ធកម្មអាវុធរបស់ប្រទេសកូរ៉េខាងត្បូង (DAPA) និងលោកប្រធានាធិបតី និងជាប្រធានការពារជាតិប៉េរូ រួមមានព័ត៌មានលម្អិតស្តីពីការផ្គត់ផ្គង់រថក្រោះ និងរថពាសដែក ព្រមទាំងផែនការសម្រាប់ការបណ្តុះបណ្តាល និងតាមដានការគាំទ្រ។
កិច្ចព្រមព្រៀងចុងក្រោយនេះ កើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងបាននឹងកំពុងស្វែងរកការចូលទៅក្នុងទីផ្សារអាមេរិកឡាទីន ដែលជាផ្នែកមួយនៃការដេញថ្លៃរបស់ខ្លួនក្នុងការជំរុញការនាំចេញអាវុធ។
កាលពីខែឧសភាឆ្នាំមុន ក្រុមហ៊ុន Hyundai Rotem និងក្រុមហ៊ុនSTX Corp. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៦០លានដុល្លារអាម៉េរិកជាមួយកងទ័ពប៉េរូ ដើម្បីផ្គត់ផ្គង់រថពាសដែក K808 ចំនួន៣០គ្រឿង។ នៅក្នុងខែវិច្ឆិកាឆ្នាំនោះ ក្រុមហ៊ុន Hyundai Rotem បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏ទូលំទូលាយមួយដែលមានគោលបំណងនាំចេញអាវុធទៅកាន់ប្រទេសប៉េរូ រួមទាំងរថក្រោះប្រយុទ្ធ K2 និងរថពាសដែកដែលមានកង់។
រថក្រោះ K2 ដែលត្រូវបានដាក់ពង្រាយជាមួយកងទ័ពកូរ៉េខាងត្បូងតាំងពីឆ្នាំ២០១៤ គឺជាប្រព័ន្ធអាវុធដ៏សំខាន់មួយរបស់ប្រទេសដែលត្រូវបានផ្គត់ផ្គង់នៅក្រៅប្រទេស រួមជាមួយនឹងរថក្រោះ K9 ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់ )





