ចាប់ខ្លួនជនសង្ស័យ ៣១នាក់ និងរឹបអូសគ្រឿងញៀន ២៥៨គីឡូក្រាមនៅក្នុងប្រតិបត្តិការរបស់ប៉ូលិសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃព្រហស្បតិ៍ថាប៉ូលិសប្រឆាំងគ្រឿងញៀនអាហ្វហ្គានីស្ថានបានចាប់ខ្លួនជនសង្ស័យរត់ពន្ធគ្រឿងញៀនចំនួន ៣១នាក់ និងរឹបអូសបានថ្នាំញៀនចំនួន ២៥៨គីឡូក្រាមក្នុងអំឡុងពេលប្រតិបត្តិការនៅទូទាំងខេត្តមួយចំនួន។
យោងតាមក្រសួងបានឱ្យដឹងថា វត្ថុតាងដែលរឹបអូសបានរួមមានអាភៀន ១៩៤គីឡូក្រាម សារធាតុហាស៊ីស ៣៥គីឡូក្រាម និងមេតំហ្វេតាមីន២៩គីឡូក្រាម ។ ប្រតិបត្តិការត្រូវបានធ្វើឡើងនៅក្នុងខេត្តហេរ៉ាត់ ភាគខាងលិច និងខេត្តគុនដូហ្សភាគខាងជើង និងខេត្តបាហ្គឡាន ជាកន្លែងដែលជនសង្ស័យ ៤ នាក់ត្រូវបានឃុំខ្លួន។
ដោយឡែក នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាបន្តបន្ទាប់ដែលធ្វើឡើងក្នុងរដ្ឋធានីកាប៊ុល ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ២៧នាក់ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធក្នុងការលក់ ទិញ និងការរត់ពន្ធគ្រឿងញៀនខុសច្បាប់។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានហាមឃាត់ការដាំដុះអាភៀន ការផលិតនិងការជួញដូរគ្រឿងញៀន ដោយរដ្ឋាភិបាលប្តេជ្ញាបន្តការបង្រ្កាបរហូតដល់ប្រទេសដែលធ្លាប់ជាប្រភពអាភៀនឈានមុខគេលើពិភពលោកក្លាយជាប្រទេសគ្មានគ្រឿងញៀន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





