ចិន និងប្រ៊ុយណេ សន្យាជំរុញការកសាងសហគមន៍ជាមួយអនាគតរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសចិន និងប្រ៊ុយណេបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងជំរុញការកសាងសហគមន៍ចិន-ប្រ៊ុយណេ ជាមួយនឹងអនាគតរួមគ្នា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនទៅកាន់ប្រទេសប្រ៊ុយណេ។
លោក ប៉េង គីងហួ (Peng Qinghua) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិនៃប្រទេសចិន និងជាប្រធានសមាគមប្រជាជនចិនដើម្បីសន្តិភាព និងការរំសាយអាវុធដែលកំពុងដឹកនាំគណៈប្រតិភូបានជួបជាមួយព្រះមហាក្សត្រស៊ុលតង់នៃប្រទេសប្រ៊ុយណេព្រះអង្គម្ចាស់ ហាជី ហាស់សាណាល់ ប៊ុលគាហ៍ មីហ្សាដឌីន វ៉ាដឌូឡាហ៍ (Haji Hassanal Bolkiah Mu'izzaddin Waddaulah) និងលោក ហាជី អាប់ឌុល រ៉ាហ៍ម៉ាន់ (Haji Abdul Rahman) ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិនៃប្រទេសប្រ៊ុយណេ។
លោក ប៉េង បាននិយាយថា មិត្តភាពជាប្រពៃណីរវាងប្រទេសចិន និងប្រ៊ុយណេ មានប្រវត្តិយូរអង្វែង។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងទ្វេភាគីត្រូវបានលើកតម្កើង និងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ប៉េង បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេសប្រ៊ុយណេ ដើម្បីអនុវត្តន៍ការយោគយល់រួមសំខាន់ៗដែលសម្រេចបានរវាងមេដឹកនាំប្រទេសទាំងពីរ បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បន្តការអភិវឌ្ឍរួមគ្នា និងជំរុញការកសាងសហគមន៍ចិន-ប្រ៊ុយណេ ប្រកបដោយអនាគតរួមគ្នា។
ភាគីប្រ៊ុយណេបាននិយាយថា ខ្លួនផ្តល់សារៈសំខាន់ខ្ពស់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ និងរួមគ្នាជំរុញការកសាងសហគមន៍ប្រ៊ុយណេ-ចិន ដែលមានអនាគតរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





