លោក ពូទីន ទទួលយកការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី សម្រាប់ដំណើរទស្សនកិច្ចនៅទីក្រុងហ្សាកាតាក្នុងឆ្នាំ២០២៦-២០២៧
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន (Vladimir Putin) បាននិយាយកាលពីពេលថ្មីៗនេះថា លោកបានទទួលយកការអញ្ជើញរបស់លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ប្រធានាធិបតីឥណ្ឌូណេស៊ី សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសរបស់លោកនៅក្នុងឆ្នាំ២០២៦-២០២៧។
នៅមុនពេលនេះបន្តិច ក្នុងអំឡុងពេលចរចានៅទីក្រុងម៉ូស្គូ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអញ្ជើញលោក ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧។
លោក ពូទីន បាននិយាយថា «សូមអរគុណច្រើន។ ខ្ញុំពិតជានឹងធ្វើវា។ដោយក្តីរីករាយ និងសូមអរគុណច្រើន»។
លោក ពូទីន បានបន្ថែមថា រុស្ស៊ី និងឥណ្ឌូណេស៊ី មានផែនការដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនង។
លោកបាននិយាយថា «ខ្ញុំចាំបានថា យើងមានផែនការដ៏សំខាន់មួយចំនួនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរបស់យើង»។
លោក ពូទីន ក៏បានសម្តែងការចូលរួមរំលែកទុក្ខដោយផ្ទាល់ទៅកាន់ប្រធានាធិបតីឥណ្ឌូណេស៊ី ទាក់ទងនឹងគ្រោះទឹកជំនន់ដ៏សោកនាដកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។
លោក ពូទីន ក៏បាននិយាយផងដែរថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អក្នុងវិស័យថាមពល រួមទាំងការផលិតថាមពលនុយក្លេអ៊ែរ ដោយលោកបានបន្ថែមថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសឥណ្ឌូណេស៊ី ប្រសិនបើទីក្រុងហ្សាការតាគិតថាវាអាចធ្វើទៅបាន។
លោក ពូទីន បាននិយាយបន្ថែមថា លោកមានគម្រោងពិភាក្សាអំពីការផ្គត់ផ្គង់ស្រូវសាលីទៅកាន់ទីក្រុងហ្សាការតា ជាមួយសមភាគីឥណ្ឌូណេស៊ី។
លោក វ្ល៉ាឌីមៀ ពូទីន បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងឥណ្ឌូណេស៊ីក្នុងឧស្សាហកម្មការពារជាតិ គឺអាចទុកចិត្តបាន។
លោក ពូទីន បាននិយាយថា «ជាប្រពៃណី យើងមានទំនាក់ទំនងដែលអាចទុកចិត្តបានខ្ពស់ក្នុងវិស័យសហប្រតិបត្តិការការពារជាតិ។ ឥណ្ឌូណេស៊ីគឺជាដៃគូប្រពៃណីរបស់យើងក្នុងវិស័យនេះ។ ទំនាក់ទំនងរវាងនាយកដ្ឋានយោធា គឺ [អាចទុកចិត្តបាន] ខ្លាំង ដោយផ្ទាល់រវាងនាយកដ្ឋានយោធាដោយទំនាក់ទំនងនេះកំពុងអភិវឌ្ឍន៍ និងស្ថិតក្នុងកម្រិតនៃអន្តរកម្មវិជ្ជាជីវៈល្អ។អ្នកឯកទេសឥណ្ឌូណេស៊ីកំពុងត្រូវបានបណ្តុះបណ្តាលឥតឈប់ឈរនៅក្នុងសាកលវិទ្យាល័យរបស់យើង រួមទាំងសាកលវិទ្យាល័យយោធាផងដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





