សហរដ្ឋអាមេរិកចែករំលែកសំណើជាមួយអឺរ៉ុប ដើម្បីស្តារទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ឯកសារទៅសមភាគីអឺរ៉ុប ដោយគូសបញ្ជាក់អំពីផែនការសម្រាប់ការស្តារសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងការស្តារទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីឡើងវិញបន្ទាប់ពីជម្លោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal។
យោងតាមរបាយការណ៍កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា រដ្ឋបាលរបស់លោក ត្រាំ បានបង្ហាញនូវសំណើមួយដែលមានជាច្រើនទំព័រ។សារព័ត៌មាននោះបាននិយាយបន្ថែមថា សំណើទាំងនេះបានបង្កឱ្យមានកការចរចាដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។
ជាពិសេស ផែនការរបស់សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថារួមមានការវិនិយោគរបស់សហរដ្ឋអាមេរិកទៅលើការផលិតប្រេងរបស់រុស្ស៊ីនៅតំបន់អាកទិក និងការទាញយករ៉ែលោហៈដ៏កម្រ ក៏ដូចជាការស្តារប្រព័ន្ធមុនសម្រាប់ការផ្គត់ផ្គង់ធនធានថាមពលរបស់រុស្ស៊ីទៅកាន់អឺរ៉ុប និងទីផ្សារពិភពលោក។ របាយការណ៍នោះបាននិយាយថា ការកសាងឡើងវិញរបស់អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តដោយក្រុមហ៊ុនរបស់អាម៉េរិកដែលទទួលបានមូលនិធិពីទ្រព្យសម្បត្តិរបស់រុស្ស៊ីចំនួន ២០០ប៊ីលានដុល្លារអាម៉េរិក។
អ្នកចរចាអាម៉េរិកបានប្រាប់សារព័ត៌មាននោះថា ផែនការរបស់អឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានបង្កក នឹងធ្វើឱ្យមូលនិធិថយចុះលឿន ខណៈដែលយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកផ្តោតសំខាន់ទៅលើការវិនិយោគទ្រព្យសម្បត្តិរបស់រុស្ស៊ី។
យោងតាមរបាយការណ៍នោះ បានឱ្យដឹងថា មន្ត្រីអឺរ៉ុបបានផ្តល់ប្រតិកម្មចម្រុះចំពោះសំណើទាំងនេះ។ ប្រភពមួយបានប្រៀបធៀបផែនការទាំងនេះទៅនឹងការកត់សម្គាល់របស់លោក ត្រាំ អំពីការផ្លាស់ប្តូរតំបន់ហ្គាហ្សាទៅជាតំបន់ឆ្នេរមជ្ឈិមបូព៌ាបន្ទាប់ពីសង្គ្រាម។
ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក សហរដ្ឋអាមេរិកបានផ្សព្វផ្សាយសំណើសន្តិភាពថ្មីមួយសម្រាប់អ៊ុយក្រែន។ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទទួលជួបជាមួយបេសកជនពិសេសសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងកូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ចារ៉េដ គូស្ន័រ (Jared Kushner) នៅវិមានក្រឹមឡាំង។ដំណើរទស្សនកិច្ចរបស់តំណាងសហរដ្ឋអាមេរិករូបនេះទៅកាន់ប្រទេសរុស្ស៊ី គឺទាក់ទងនឹងកិច្ចពិភាក្សាអំពីផែនការសន្តិភាពសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន៕





