រុស្ស៊ី និងអេមីរ៉ាត់អារ៉ាប់រួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅឯវេទិកាមួយក្នុងទីក្រុងឌូបៃ
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- អ្នករៀបចំវេទិកាធុរកិច្ចរុស្ស៊ី-អេមីរ៉ាត់អារ៉ាប់រួម ដែលបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងឌូបៃ បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) ថា វេទិកាធុរកិច្ចរុស្ស៊ី-អេមីរ៉ាត់អារ៉ាប់រួមលើកដំបូងនៅទីក្រុងឌូបៃនេះ បានបញ្ចប់ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងរុស្ស៊ី និងអេមីរ៉ាត់អារ៉ាប់រួម។
វេទិកានេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អេមីរ៉ាត់អារ៉ាប់រួម (REBC) និងមូលនិធិ Roscongress ដោយមានការគាំទ្រពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី និងក្រុមវិនិយោគម៉ារ៉ាតុង ដោយមានអ្នកចូលរួមជាង ៥០០នាក់ រួមទាំងប្រធានក្រុមហ៊ុនឈានមុខគេ និងមូលនិធិវិនិយោគមកពីរុស្ស៊ី និងអេមីរ៉ាត់អារ៉ាប់រួម ក្រសួងពាក់ព័ន្ធមកពីប្រទេសទាំងពីរ និងក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗផងដែរ។
ក្រុមប្រឹក្សា REBC បាននិយាយថា «កិច្ចព្រមព្រៀងមួយចំនួនត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលវេទិកានេះ ដែលនឹងជួយបង្កើតអន្តរកម្មរវាងសហគ្រិនរុស្ស៊ី និងអេមីរ៉ាត់អារ៉ាប់រួម សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





