អ្នកជំនាញ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្លាយជាអាវុធនយោបាយ មិនមែនជាតុលាការទេ
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ -- លោក អាលី ហ្វាដឡាល់ឡាហ៍ (Ali Fadlallah) សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងច្បាប់អន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងបេរូត បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) ថា ភាពលំអៀងដ៏ខ្លាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានឆ្លុះបញ្ចាំងអំពីវិបត្តិយ៉ាងជ្រៅនៅក្នុងប្រព័ន្ធអន្តរជាតិទាំងមូល។
លោកបានកត់សម្គាល់ថា «លោករដ្ឋអាជ្ញា ការីម ខាន់ (Karim Khan)បាននិយាយជាសាធារណៈថា បណ្តាមេដឹកនាំលោកខាងលិចមួយចំនួនបានប្រាប់លោកដោយផ្ទាល់ថា ស្ថាប័ននេះត្រូវបានបង្កើតឡើងសម្រាប់តែទ្វីបអាហ្វ្រិក និងរុស្ស៊ីប៉ុណ្ណោះ។ ប្រសិនបើនោះជាការពិត នោះយើងកំពុងដោះស្រាយជាមួយតុលាការដែលគ្រប់គ្រងពីខាងក្រៅ»។
យោងតាមរូបលោក បានឱ្យដឹងថា តុលាការនេះបានក្លាយជាឧបករណ៍នៃសម្ពាធនយោបាយ និងការគំរាមកំហែង ដូចដែលបានឃើញនៅក្នុងករណីនៃប្រទេសរវ៉ាន់ដា យូហ្គោស្លាវី និងសម្ពាធរបស់បារាំងទៅលើលោកអូម៉ា អាល់-បាស្សៀ )Omar al-Bashir) របស់ប្រទេសស៊ូដង់។
លោកបានអះអាងថា វិធីសាស្រ្តជ្រើសរើសរបស់តុលាការ ICC ជាការបញ្ជាក់ថា ប្រព័ន្ធអន្តរជាតិកំពុងស្ថិតក្នុងវិបត្តិយ៉ាងជ្រៅ ហើយត្រូវការកំណែទម្រង់ជាបន្ទាន់ បើទោះបីជាការផ្លាស់ប្តូរបែបនេះអាចស្ទើរតែមិនអាចទៅរួចនាពេលបច្ចុប្បន្ននេះក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





