ឯកឧត្តម វ៉ាត់ ចំរើន៖ ម្ចាស់ផ្ទះស៊ីហ្គេមថៃធ្វើទង្វើផ្ទុយពីគោលការណ៍អូឡាំពិក
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥--ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូដឹកនាំអត្តពលិកកីឡាកម្ពុជាចូលរួមកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥បានគូសបញ្ជាក់ថា ការចូលរួមរបស់អត្តពលិកកីឡាកម្ពុជា នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣នេះ គឺការចូលរួមក្នុងគោលដៅបញ្ចៀសសង្គ្រាម ដើម្បីឱ្យសភាពការណ៍វិលទៅរកប្រក្រតីវិញ ដោយមិនមែនចូលរួមដោយគ្មានការគិតទុកនោះទេ ខណៈម្ចាស់ផ្ទះស៊ីហ្គេមថៃ បានធ្វើទង្វើផ្ទុយពីគោលការណ៍អូឡាំពិក។

ក្នុងដំណើរមកដល់ចុងក្រោយគេអមដោយមន្ត្រី២នាក់នៃប្រតិភូកីឡាកម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមប្រធានប្រតិភូបានពន្យល់ថា ការចូលរួម និងការដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ គឺគ្រប់យ៉ាងគឺទទួលបានការគូសវាសរៀបចំផែនការយ៉ាងច្បាស់លាស់គិតទុកជាមុនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់អត្តពលិកកីឡាកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ចំពោះការទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះម្ចាស់ផ្ទះថៃបានទទួលល្អដោយមានការយកចិត្តទុកដាក់ខ្ពស់ មិនមានអ្វីដែលជាក្តីព្រួយបារម្ភនោះទេ។ ប៉ុន្តែអាជ្ញាធរកីឡា និងប្រជាជនជ្រុលនិយមរបស់ថៃនៅតែដាក់សម្ពាធមកលើក្រុមប្រតិភូកម្ពុជា តាមរយៈបណ្តាញសង្គម ដោយអះអាងថា អាជ្ញាធរកីឡាថៃនឹងបើកការស៊ើបអង្កេតមកលើប្រតភិយើងពាក់ព័ន្ធ និងយីស្លាកហោរបស់ណាហ្គាវើលដ៍ ដែលស្លាកសញ្ញាម្ចាស់ឧបត្ថម្ភនៅលើអាវរបស់ក្រុមអត្តពលិកកម្ពុជា ដែលស្លាកយីហោនេះ ត្រូវបានគណៈកម្មការរៀបចំកម្មវិធីប្រកួតអះអាងថា យីហោឧបត្ថម្ភនៅលើអាវនេះស្របច្បាប់ ព្រោះវាជាយីហោរបស់ណាហ្គាវើលដ៍ ដែលជាស្លាកសញ្ញាបើករកស៊ី ក្រោមការអនុញ្ញាតច្បាប់ត្រឹមត្រូវពីរាជរដ្ឋាភិបាល។ ឯកឧត្តមបានចាត់ទុកទង្វើនេះជាការបង្កើតបញ្ហាដើម្បីដាក់សម្ពាធមកលើកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នេះ ថ្នាក់ដឹកថៃមិនយល់ពីទស្សនៈវិជ្ជារបស់អូឡាំពិកនោះទេ ពោលថៃបានធ្វើផ្ទុយពីគោលការណ៍របស់អូឡាំពិក ក្នុងកំឡុងពេលរៀបចំកីឡាស៊ីហ្គេម បែរជាម្ចាស់ផ្ទះថៃបើកការធ្វើសង្គ្រាមជាមួយកម្ពុជា។ ជាមួយនឹងការដកខ្លួនរបស់កម្ពុជាពិព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ ការដកខ្លួនរបស់កម្ពុជា គឺជាប្រវត្តិសាស្រ្តលើកទី១ហើយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលមានប្រទេសទៅចូលរួមក្នុងពិធីបានត្រឹមត្រូវហើយ ក៏បានសម្រេចចិត្តដកខ្លួនមកវិញ។ ការដកខ្លួនរបស់កម្ពុជាមានការសាទរគាំទ្រយ៉ាងខ្លាំងពីបណ្តាសមាជិកអាស៊ានថា កម្ពុជាបានសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ហើយអាស៊ានគោរពការសម្រេចចិត្តរបស់ប្រតិភូកីឡាកម្ពុជា។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួមកីឡាស៊ីហ្គេម លើកទី៣៣ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយប្រតិភូកីឡាកម្ពុជាបានធ្វើដំណើរទៅដល់ថៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ មក ហើយប្រតិភូកីឡាកម្ពុជាបានចូលរួមបំពេញកាតព្វកិច្ច ក្នុងនាមជាមាសជិកនៃតំបន់អាស៊ានដោយចូលរួមក្នុងពិធីគោរពទង់ជាតិមុន១ថ្ងៃមុនពិធីបើកជាផ្លូវការបង្ហាញពីវត្តមានចូលរួម និងចូលរួមពិធីបើកផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលបានធ្វើឡើង កាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។ យ៉ាងណា ប្រតិភូកីឡា មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសប្រកដោយសុវត្ថិភាពអស់ហើយ៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





